(ព្រះសីហនុ)៖ វេលាម៉ោង៧ឈានចូល ម៉ោង៨យប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៨០-១៨១ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បុរសជាអ្នកបើកបរម៉ូតូម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូរបស់ជនរងគ្រោះនោះគឺទិសដៅស្របគ្នា។

សមត្ថកិច្ចស្រុកព្រៃនប់ បានឲ្យដឹងទៀតថា ភាគីខាងម៉ូតូម៉ាក HONDA WAV RSX ពាក់ស្លាកលេខភ្នំពេញ 1CY-9607 ទិសដៅពីភ្នំពេញ ទៅព្រះសីហនុ ឯអ្នកបើកបរឈ្មោះ សេង ម៉េងឡាយ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។ ចំណែកភាគីខាងរថយន្តមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយអ្នកបើកបរបើករត់គេចខ្លួនបាត់។

រីឯសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី និងរថយន្តជាអ្នកបង្ករសមត្ថកិច្ចស្រុកព្រៃនប់នឹងបន្តស្រាវជ្រាវរកភាគីម្ចាស់រថយន្ត មកដោះស្រាយតាមនិតិវិធី៕