(ត្បូងឃ្មុំ)៖ ថ្លែងចេញពីសាលប្រជុំ(គ) របស់សាលាខេត្តត្បូងឃ្មុំ នាខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកយ៉ាងដូច្នេះថា៖ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋណាដែលមិនទាន់បានមកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៣មកទទួលយកការចាក់វ៉ាក់សាំង ដូសទី៣នេះ ដើម្បីធានាបាននូវភាពស៊ាំនៅក្នុងសហគមន៍ ពីជំងឺនេះទោះបីជា កម្ពុជាមិនបានរកឃើញ ជំងឺនេះជិត២ខែហើយក៏ ដោយ»។ នេះបើយោងតាមសារសម្លេងពិសេសរបស់សម្ដេច នៅល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការរៀបចំកិច្ចប្រជុំលើកដំបូងដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ក្នុងនោះមានការអញ្ជើញចូលរួមសរុបចំនួន ១៥២នាក់ នៅសាលប្រជុំសាលា(គ) ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

ជាក់ស្តែងក្នុងឱកាសនោះដែរ លោកបណ្ឌិត អភិបាលខេត្ត បានប្រកាសបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តអនុវត្តនូវវិធាន ការការពារខ្លួន និងទទួលយកវ៉ាក់សាំង តាមរយៈសារសំឡេងរបស់សម្តេចតេជោ ក៏បានស្នើឱ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី២ហើយ ត្រូវប្រញាប់ទៅទទួលវ៉ាក់សាំង ដូសទី៣ ហើយបើចាក់វ៉ាក់សាំង ដូសទី៣ហើយ ត្រូវទៅចាក់វ៉ាក់សាំងដូសទី៤ និងចាក់ដូសទី៤ ហើយ ក៏ត្រូវទៅទទួលវ៉ាក់សាំង ដូសទី៥។

លើសពីនេះទៅទៀត លោកបណ្ឌិត ក៏បានស្នើសុំឱ្យអាជ្ញាធររៀបចំទីតាំងដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងបង្កើតក្រុមការងារដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលពួកគាត់មិនមានលទ្ធភាពមកចាក់វ៉ាក់សាំងផងដែរ៕