(បន្ទាយមានជ័យ)៖ អាងត្រពាំងថ្ម ស្ថិតនៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ គឺជាមរតកឈាម និងទឹកភ្នែករបស់ប្រជាពលរដ្ឋខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថាខ្មែរក្រហមនោះ តែបច្ចុប្បន្នទីតាំងស្លាកស្នាមប្រវត្តិសាស្ត្រដ៏ឈឺចាប់មួយនេះ បានប្រែក្លាយជាកន្លែងផ្តល់ស្នាមញញឹមសម្រាប់ប្រជាពលរដ្ឋតាមរយៈការទាញប្រយោជន៍ពីប្រភពទឹកនៅក្នុងអាងនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅកាន់អាងត្រពាំងថ្មីជាថ្មីម្តងទៀត នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណជាមួយលានក្បាល។ កាលពីខែមីនា ឆ្នាំ២០០៦ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអញ្ជើញមកអាងត្រពាំងថ្មនេះរួចម្តងមកហើយ ដើម្បីសម្ពោធដាក់ឱ្យដំណើរការអាងនេះ បន្ទាប់ពីជួសជុល និងកែលំអររួចរាល់។

មុនការឈានមកដល់នៃការទទួលបដិសណ្ឋារកិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃស្អែកនោះ ក្រុមការងាររៀបចំកម្មវិធីទាំងថ្នាក់ជាតិ និងខេត្ត បានរួមគ្នាសស្រាក់សស្រាំរៀបចំទីតាំងប្រារព្ធពិធីយ៉ាងសស្រាក់សស្រាំ ដើម្បីធានាថាកម្មវិធីដំណើរការទៅតាមការគ្រោងទុក។

ឆ្លៀតពេលចុះពិនិត្យទីតាំងប្រារព្ធពិធីអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានផ្តល់បទសម្ភាសន៍ខ្លីមួយជាមួយអង្គភាពព័ត៌មាន Fresh News ដើម្បីរំលឹកបើកកកាយពីប្រវត្តិនៃការកសាងអាងត្រពាំងថ្មី និងគុណប្រយោជន៍របស់អាងត្រពាំងថ្មីសម្រាប់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ការស្រោចស្រពស្រូវ។

លោកអភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អាងត្រពាំងថ្មនេះ កាលដើមឡើយជាផ្ទៃដីស្រែធម្មតារបស់ប្រជាពលរដ្ឋ។ លុះក្នុងរបបខ្មែរក្រហម មេដឹកនាំខ្មែរក្រហមបានចាប់បង្ខំប្រជាពលរដ្ឋឱ្យជីកដីលើកជាទំនប់ ដើម្បីទប់យកទឹកបម្រើការធ្វើស្រែនៅតំបន់នេះ។

តែការសាងសង់មិនទាន់បានរួចរាល់ទាំងស្រុងនោះឡើយ ហើយអាកខានទៅវិញ នៅពេលរបបដ៏ឃោរឃៅនេះ ត្រូវបានកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិវាយផ្តួលរំលំនៅថ្ងៃទី០៧ ខែ មករា ឆ្នាំ១៩៧៩។ បើតាមលោកអភិបាលខេត្ត ក្នុងពេលសាងសង់អាងត្រពាំងថ្មនោះ មេដឹកនាំខ្មែរក្រហម បានបង្ខំប្រជាពលរដ្ឋឱ្យធ្វើការយ៉ាងទារុណបំផុត ធ្វើការដោយហួសកម្លាំង និងបរិភោគអាហារមិនគ្រប់គ្រាន់នោះឡើយ។

ការធ្វើការដោយទារុណ និងបរិភោគអាហារមិនបានគ្រប់គ្រាន់នោះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរមិនតិចនោះឡើយបានស្លាប់បាត់បង់ជីវិតនៅក្នុងការដ្ឋានជីកដីលើកទំនប់អាងត្រពាំងថ្មនេះ ពោលប្រជាពលរដ្ឋខ្មែររាប់សិបម៉ឺននាក់ បានចោលឆ្អឹងក្នុងការដ្ឋានទំនប់ត្រពាំងថ្ម។

បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំទៅ ភូមិសាស្ត្រនៃស្រុកភ្នំស្រុកនេះ នៅតែជាកន្លែងមានអំណោយផលខ្ពស់សម្រាប់ការធ្វើស្រែ តែបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនោះ គឺការខ្វះទឹកសម្រាប់ស្រោចស្រព។ ដោយមើលឃើញពីបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្រោមជំនួយថវិកាពីរដ្ឋាភិបាលជប៉ុន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចធ្វើការស្តារ ជួសជុល និងកែលំអរអាងត្រពាំងថ្មនេះ ដើម្បីទាញយកទឹកបម្រើដល់ការស្រោចស្រព និងការប្រើប្រាស់។

ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោករដ្ឋមន្ត្រី លឹម គានហោ បានចាប់ផ្តើមដំណើរការស្តារ កែលំអរ និងជួសជុលអាងនេះ នៅនៅឆ្នាំ២០០៤ ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅខែមីនា ឆ្នាំ២០០៦។

របាយការណ៍ការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅឆ្នាំ២០០៤ ក្រោមគម្រោងថវិការបស់រដ្ឋាភិបាលជប៉ុន ក្រសួងបានជួសជុលទំនប់ភ្លឺអាង និងសំណង់។ នៅឆ្នាំ២០១០ ដល់ ២០១២ គម្រោងមូលនិធិទ្រទ្រង់ថវិកា (Budget Support) ជួសជុលស្តារប្រឡាយមេចំនួន ៤ខ្សែ MC1,MC2 and MC3 និងប្រឡាយកុមារ ប្រវែងសរុប ៧១គីឡូម៉ែត្រ ប្រឡាយរងចំនួន ១២ខ្សែ ប្រវែងសរុប ៨៧គីឡូម៉ែត្រ និងសាងសង់សំណង់សិល្បៈការតូចធំ ៨០កន្លែង។

នៅឆ្នាំ២០១៤ ដល់ ២០១៦ គម្រោងថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ជួសជុលទំនប់ភ្លឺអាងប្រវែង ២១គីឡូម៉ែត្រ និងរៀបថ្មធំជើងទេរទំនប់ប្រវែង ១០គីឡូម៉ែត្រ អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម។ នៅឆ្នាំ២០២០ ដល់ ២០២១ គម្រោងថវិការបស់រដ្ឋាភិបាលសង្រោះបន្ទាន់ទឹកជំនន់ឆ្នាំ២០២០ ជួសជុលទំនប់ភ្លឺអាងប្រវែង ១០គីឡូម៉ែត្រ និងជួសជុលភ្លឺប្រឡាយមេប្រវែង ១៥គីឡូម៉ែត្រ អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម។

នៅឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ជីកប្រឡាយជើងក្អែបនៅប្រព័ន្ធអាងត្រពាំងថ្ម ចំនួន ២១៦ខ្សែ និងសាងសង់ សំណង់សិល្បះការលើប្រឡាយជើងក្អែប ចំនួន ៣៣កន្លែង អនុវត្តដោយមន្ទីរធនធានទឹក និងឧតុនិយម។

របាយការណ៍បានបញ្ជាក់ថា ប្រព័ន្ធអាងត្រពាំងថ្ម និងប្រព័ន្ធពាក់ព័ន្ធត្រូវបានកែលម្អរជួសជុលឡើងវិញប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយប្រើប្រាស់ថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងថវិការដ្ឋាភិបាល អស់ថវិកាសរុប ៤៥លានដុល្លារអាមេរិក ដើម្បីធានាបានសម្រាប់ការស្រោចស្រពលើផ្ទៃដីចំនួន ៣៥,០០០ហិកតា និងធានាការរំដោះគ្រោះទឹកជំនន់របស់ស្រុកភ្នំស្រុក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ជាផែនការបន្ត ក្រសួងធនធានទឹក និងឧតុនិយម បានលើកផែនការធ្វើទំនើបកម្មវិស្វកម្ម ឲ្យទៅជាបេតុងដោយប្រើប្រាស់ថវិកាកម្ចីពីធនាគារវិនិយោគរបស់សហគមន៍ អ៉ឺរ៉ុប និងEIB។

បច្ចុប្បន្នអាងត្រពាំងថ្ម អាចរក្សាទឹកបានប្រមាណ ១៨០លានម៉ែត្រគូប នៅរដូវវស្សា។ នៅរដូវប្រាំងអាងទឹកនេះអាចរក្សាទឹកបាន ១២០លានម៉ែត្រគូប ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាទំហំ ២៥,០០០ហិកតា និងស្រែប្រាំងទំហំ ១២,០០០ហិកតា។

លោក អ៊ុំ រាត្រី បានឱ្យដឹងថា ក្រោយពីអាងត្រពាំងថ្ម ត្រូវបានស្តារ ជួសជុល និងកែលំអរឡើងវិញ បានហុចផលប្រយោជន៍ជាច្រើនលើការធ្វើស្រែ សម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកភ្នំស្រុក និងផ្នែកខ្លះនៃស្រុកព្រះនេត្រព្រះ។ លោកបានបញ្ជាក់ថា អាងត្រពាំងថ្មីនេះ ក្រៅតែពីផ្តល់ទឹកសម្រាប់ប្រជាពលរដ្ឋធ្វើស្រែពីរដងក្នុងមួយឆ្នាំហើយនោះ ក៏បានផ្តល់ជាផលត្រី និងកន្លែងទេសចរណ៍ដ៏ទាក់ទាញផងដែរ។

លោកអភិបាលខេត្តបន្ទាយមានជ័យ បានចាត់ទុកអាងត្រពាំងថ្មនេះ គឺជាមរតកឈាម និងទឹកភ្នែកនៃរបបខ្មែរក្រហម ហើយបានប្រែក្លាយជាកន្លែងផ្តល់នូវស្នាមញញឹមដ៏រីករាយមួយសម្រាប់ប្រជាពលរដ្ឋក្នុងពេលស្រុកជួបសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ដូច្នេះថា «ទីនេះពីមុនជាកន្លែងសោកនាដកម្ម ជាកន្លែងរងដោយទឹកភ្នែកក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋខ្មែរយើងបានសម្លាប់យ៉ាងច្រើននៅទីនេះ។ ប៉ុន្តែឥឡូវនេះក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ នាំមកនូវសុខសន្តិភាព ធ្វើឱ្យប្រជាពលរដ្ឋប្រឹងប្រែងបង្កបង្កើនផលទ្រទ្រង់ជីវភាព»

បើតាមលោកអភិបាលខេត្ត អាជ្ញាធរខេត្ត ក៏មានគម្រោងប្រែក្លាយតំបន់អាងត្រពាំងថ្មឱ្យក្លាយទៅជាកន្លែងទេសចរណ៍កាន់តែទាក់ទាញបន្ថែមទៀតនាពេលអនាគត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដោយអាចរកចំណូលបន្ថែមពីលើការធ្វើស្រែ។

សូមបញ្ជាក់ថា អាងត្រពាំងថ្មី ស្ថិតនៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានចម្ងាយជាង ៦០គីឡូម៉ែត្រពីទីរួមខេត្ត និងចម្ងាយជាង ៤០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ គេអាចធ្វើដំណើរទៅកាន់អាងត្រពាំងថ្ម តាមផ្លូវជាតិលេខ៦ ជិះផុតពីទីរួមស្រុកក្រឡាញ់ប្រហែលជា ២០គីឡូម៉ែត្រ គេនឹងឃើញផ្លូវបត់ខាងស្តាំដៃ ដែលជាផ្លូវបត់ចូលទីរួមស្រុកភ្នំស្រុក ហើយជិះពីទីរួមស្រុកប្រមហែល ៧គីឡូម៉ែត្រទៀត នឹងដល់អាងត្រពាំងថ្មនេះ៕