(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យភាគីជប៉ុន ជួយកម្ពុជាក្នុងវិស័យកីឡាយូដូ ដើម្បីឲ្យប្រទេសកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ប្រកួតកីឡាយូដូក្នុងព្រឹត្តិការណ៍ស៊ីហ្កេម ខាងមុខ។

សំណើរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើឡើងក្នុងឱកាសដែលសម្តេចអនុញ្ញាតឲ្យ លោក Gotaro OGAWA អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា (ឆ្នាំ២០០០-២០០៣) ចូលជួបសំដែងការគួរសម នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព។

បើតាម លោក អ៊ាង សុផ្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន, ក្នុងជំនួបនោះ សម្តេចតេជោបានស្នើសុំ លោក Gotaro OGAWA ជួយដល់កម្ពុជាលើវិស័យកីឡាយូដូ ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ប្រកួតកីឡាយូដូ ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្កេមខាងមុខ។

លោក Gotaro OGAWA បានជំរាបជូនសម្តេចតេជោថា លោកពិតជាមានសេចក្តីរាករីយណាស់ ដែលបានអញ្ជើញមកកាន់កម្ពុជាសាជាថ្មីម្តងទៀត។ លោកបន្តថា កន្លងមកលោកធ្លាប់តែបានលឺថា រាល់ពេលមិត្តភក្តិមកដល់កម្ពុជា ពួកគេបានឃើញនូវភាពខុសប្លែង ភាពរីកចំរើន ការរីកដុះដាលនៃសំណង់អគារថ្មីៗ និងខ្ពស់ៗ ក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅពេលនេះ លោកឃើញជាក់ និងភ្នែក កម្ពុជាពិតជាមានការរីកចំរើន មានការអភិវឌ្ឍយ៉ាងខ្លាំង បើធៀបទៅនិងឆ្នាំ២០០៣ ក្នុងពេលដែលរូបលោកបញ្ចប់អាណត្តិបេសកកម្មការទូត និងចាកចេញពីកម្ពុជា។

ក្នុងជំនួបគ្នានោះ លោកបានសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ ចំពោះការអភិវឌ្ឍរីកចំរើនទាំងអស់នោះ ដែលជាលទ្ធផលនៃការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់សម្តេចតេជោ និងបានគោរពជំរាបជូនសម្តេចតេជោបន្ថែមថា បើទោះបីជារូបលោក បញ្ចប់បេសកកម្មការទូត និងចាកចេញពី ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែបេះដូងរបស់លោកនៅតែស្ថិតនៅជាមួយកម្ពុជាជានិច្ច ជាអាទិ៍នៅពេលនេះ លោកកំពុងតែចូលរួមចំណែកជួយដល់កម្ពុជា លើវិស័យទី១. ជួយដល់និស្សិតកម្ពុជាលើវិស័យអប់រំ តាមរយៈការបណ្តុះបណ្តាលផ្នែកភាសា ផ្នែកស្រាវជ្រាវ និងផ្នែកវប្បធម៌ ទី២.ផ្នែកច្បាប់ ទី៣.លើវិស័យកីឡាយូដូ ដែលនឹងជូយកម្ពុជាសំរាប់ចូលរួមប្រកួតកីឡាស៊ីហ្កេម ក្នុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះ Gotaro OGAWA ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រីកពង្រឹង ទំនាក់ទំនងនៃប្រទេសទាំងពីរផង និងការអភិវឌ្ឍប្រទេសកម្ពុជាផង ហើយនៅពេលនេះបន្តជួយដល់កម្ពុជា ជាពិសេសលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ដែលជាអាទិភាពរបស់កម្ពុជា៕