(កំពត)៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពត ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) ថ្ងៃបង្កើតថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅសាលសន្និសិត ខេត្តកំពត។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក ម៉ៅ ធិនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងលោក ជឹង ផល្លា អនុប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពត និងជាប្រធានគណៈប្រចាំការគណបក្សខេត្ត ព្រមទាំងចូលរួមពី លោក លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្ស សមាជិក សមាជិកាគណបក្ស សមាជិក សមាជិកាសាខាបក្ស មន្ទីរអង្គភាព និងនិវត្តន៍ជន ជិត៩០០នាក់។

នៅក្នុងឱកាសនោះលោក ជឹង ផល្លា បានអានសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅក្នុងពិធីមិទ្ទិញរំលឹកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)។

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ជាថ្ងៃគម្រប់ខួប ៧១ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណា និគមនិយម ដើម្បីឯករាជ្យជាតិ។ ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ពុះពារឆ្លងកាត់រាល់ឧបសគ្គនៅគ្រប់ដំណាក់កាល សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ យ៉ាងធំធេង ដែលមានអត្ថន័យជ្រាលជ្រៅបំផុតចំពោះការឋិតថេរគង់វង្ស និងរីកចម្រើនរុងរឿងនៃមាតុភូមិកម្ពុជា។

ប្រការនេះហើយដែលធ្វើឱ្យប្រជាជនស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សឱ្យដឹកនាំប្រទេស ជារៀងរហូតមកទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ខ្លឹមសារនៃសុន្ទរកថា ក៏បានបញ្ជាក់ផងដែរថា រយៈពេល ៧១ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រយ៉ាងច្រើន ទាំងដំណាក់កាលប្រកបដោយមោទនភាពផង ទាំងដំណាក់កាលប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុត។

ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដី ក៏គណបក្សប្រជាជនកម្ពុជា នៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាងនិងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុង គ្រោះមហន្តរាយ ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កឡើង មានតែសមាជិកគណបក្សប្រជាជន កម្ពុជាដ៏បរិសុទ្ធ ដែលស្មោះត្រង់នឹងគោលបំណង និងឧត្តមគតិរបស់គណបក្សប៉ុណ្ណោះ ដែលបានក្រោកឈរ ឡើងធ្វើការតស៊ូ និងប្រមូលផ្តុំរាល់កម្លាំងស្នេហាជាតិ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីប្រយុទ្ធ ផ្ដួលរំលំរបបដ៏យង់ឃ្នងនេះរហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា នាំយកសិទ្ធិសេរីភាពដែលត្រូវបាត់បង់ ទាំងស្រុងក្នុងរបប ប៉ុល ពត មកជូនប្រជាជនវិញ បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា ប្រកបដោយពន្លឺ និងក្តីសង្ឃឹម។

ប្រជាជនកម្ពុជា ទាំងអ្នកធ្លាប់រងទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍ក៏ដូចយុវវ័យជំនាន់ក្រោយ តែងចងចាំជានិច្ចនូវអត្ថន័យដ៏ធំធេងនៃជ័យជម្នះជាប្រវត្តិសាស្ត្រ នេះដែលធ្វើឱ្យយើងមានអ្វីៗនៅថ្ងៃនេះ។ ព្រមជាមួយនេះ លើមូលដ្ឋានជ័យជម្នះ៧មករា បក្សប្រជាជន បដិវត្តន៍ខ្មែរ ក៏ត្រូវបានកសាងឡើងវិញដោយមានឈ្មោះថាបក្សប្រជាជនបដិវត្តន៍កម្ពុជា និងបន្ទាប់មក ត្រូវបានប្តូរឈ្មោះថា គណបក្សប្រជាជនកម្ពុជា ដើម្បីធានាការដឹកនាំប្រទេសក្នុងដំណាក់កាលថ្មី។

ក្នុងឱកាសនោះដែរ ក៏បាននាំមកនូវអំណោយ ដើម្បីផ្ដល់ជូននិវត្តជននិងអតីតយុទ្ធជន សរុបចំនួន១៥០នាក់ ក្នុងម្នាក់ មានអង្ករ ចំនួន ២៥គីឡូ, មី១កេះ, ត្រីខ ១យួរ, សារ៉ុង១ រួមនិងថវិការង្វាន់ ៥ម៉ឺនរៀល និងធ្វើពិធីបង្ហោះប៉េងប៉ោងនិងលែងសត្វព្រាបជានិមិត្តរូបនៃសន្តិភាពរបស់ប្រទេសជាតិកម្ពុជាយើងផងដែរ៕