(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ្វ៊ុនស៉ិនប៉ិច នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

ក្នុងសារលិខិតមានអត្ថន័យទាំងស្រុងយ៉ាងដូច្នេះថា «ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃគណបក្សហ៊្វុនស៉ិនប៉ិច ខ្ញុំមានកិត្តិយស និងបីតិសោមនស្សរីករាយយ៉ាងក្រៃលែង សូមសម្ដែងនូវការអបអរសាទរដ៏ស្មោះស្ម័គ្រ និងកក់ក្តៅបំផុត ជូនចំពោះសម្ដេចតេជោ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជា នាឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ( ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១-ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ នៃសម្ដេចតេជោ ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ទទួលបាននូវការគាំទ្រ និងកោតសរសើរពីគ្រប់ទិសទី ដែលបានបង្ហាញពីឧត្តមភាពក្នុងការបន្តគ្រប់គ្រង និងដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនជាបន្តទៀត ដោយរក្សាបាននូវសន្តិភាព និងកិច្ចអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព គួរជាទីមោទនភាពជាតិយ៉ាងក្រៃលែង ជាពិសេសការបន្តរក្សានូវកិច្ចសហប្រតិបត្តិការជាមួយគណបក្សហ៊្វុនស៉ិនប៉ិច ក្នុងភាពជាគណបក្សដៃគូនៃសម្ព័ន្ធភាពជាប្រពៃណដើម្បី ការពារឧត្តមប្រយោជន៍ជាតិ ការពាររដ្ឋធម្មនុញ្ញ និងរបបរាជានិយម។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ ខ្ញុំសូមប្រសិទ្ធពរជ័យសិរីមង្គល ជូនសម្ដេចតេជោ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជាទាំងអស់ សូមទទួលបាននូវជោគជ័យថ្មីៗថែមទៀត និងសូមបានសម្រេចនូវព្រះពុទ្ធពរ បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕