(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងសមាគមចង្វាក់បេះដូង សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានចុះអនុស្សរណៈយោគយល់គ្នា លើការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសុខាភិបាល ពិសេសលើផ្នែកជំងឺបេះដូង។

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ចាន់ វិចិត្រ នាយករងមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងក្រុមគ្រូពេទ្យ រួមទាំងលោកសាស្ត្រាចារ្យ ផាក ហ៊ីណាំ ឯកទេសជំងឺចង្វាក់បេះដូងប្រធានមជ្ឈមណ្ឌលអន្តរាគមន៍ជំងឺបេះដូង និងសរសៃរឈាម នៃមន្ទីរពេទ្យសេវេរ៉ន់ សាធារណរដ្ឋកូរ៉េ និងលោកសាស្ត្រាចារ្យ ជន់ វ៉ាង ឯកទេសជំងឺចង្វាក់បេះដូង ប្រធានផ្នែកជំងឺចង្វាក់បេះដូង នៃមជ្ឈមណ្ឌលសុខភាពរីវើ សហរដ្ឋអាមេរិក។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ផាក ហ៊ីណាំ បានថ្លែងថា «ការចុះអនុស្សរណៈនេះ ដើម្បីបណ្ដុះបណ្ដាលចំណេះដឹងផ្នែកជំងឺបេះដូង ដល់ក្រុមគ្រូពេទ្យកម្ពុជា។ កន្លងមកយើងក៏បានបណ្ដុះបណ្ដាលចំណេះជំទាញនេះ ដល់គ្រូពេទ្យនៃមន្ទីពេទ្យមិត្ដភាពខ្មែរ-សូវៀត រួមជាមួយនឹងផ្ដល់ឧបករណ៍ផងដែរ។ ដូច្នេះក្នុងការចុះអនុស្សរណៈនេះខ្ញុំរំពឹងថា នឹងធ្វើជួយអភិវឌ្ឍផ្នែកជំងឺបេះដូងនេះ ឲ្យមានលក្ខណៈស្តង់ដារ ពិសេសពង្រឹងចំណងមិត្ដភាព រវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរមួយកម្រិតបន្ថែមទៀត»

ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ ចាន់ វិចិត្រ បានឱ្យដឹងថា «កន្លងមកនិស្សិតកម្ពុជាយើង ដែលជាក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានទៅសិក្សាដោយផ្ទាល់នៅក្រៅប្រទេស ជាមួយសមាគមចង្វាក់បេះដូងរបស់សាធារណរដ្ឋកូរ៉េ ដូច្នេះដើម្បីអភិវឌ្ឍឯកទេសជំងឺបេះដូង នៅកម្ពុជានេះ ដល់កម្រិតស្ដង់ដារ ជូនប្រជាពលរដ្ឋ ថ្ងៃនេះយើងបានចុះអនុស្សរណៈជាមួយគ្នា»។

តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិតឯកទេស លឹម ស៊ីវុតថា ប្រធានផ្នែកព្យាបាលជំងឺបេះដូង និងសរសៃឈាមនៃមន្ទីរមិត្ដភាពខ្មែរ-សូវៀត បានថ្លែងឲ្យថឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកជំងឺ ដែលមកទទួលសេវាពិនិត្យព្យាបាលផ្នែកជំងឺបេះដូង នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានសន្ទុះកើនឡើងច្រើនរហូត ចាប់ពីវ័យមជ្ឈឹម ដល់វ័យចាស់ ភាគច្រើនជាងគេ គឺវ័យចាស់។

លោកវេជ្ជបណ្ឌិតបន្ដថា «ប៉ុន្មានឆ្នាំមុនមន្ទីរពេទ្យរបស់យើង ព្យាបាលជំងឺបេះដូងធម្មតាៗប៉ុណ្ណោះ ប៉ុន្ដែបច្ចុប្បន្ននេះ យើងមានភាពជឿលឿនច្រើន មានទាំងដាក់ថ្មបេះដូងផងដែរ។ តែបន្ទាប់ពីចុះអនុស្សរណៈជាមួយសមាគមចង្វាក់បេះដូង នៃសាធារណរដ្ឋកូរ៉េនេះ យើងនឹងមានព្យាបាលបេះដូង ដើរលឿនបន្ថែមទៀត។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា ជំងឺបេះដូង គឺជាជំងឺរុំារៃ តែក៏ជាជំងឺមួយដែលធ្វើឱ្យគ្រោះថ្នាក់ភ្លាមៗ ដល់ជីវិតដោយមិនដឹងមុន។ ដូច្នេះដើម្បីការពារ ប្រសើរជាងព្យាបាល គឺត្រូវមានរបបអាហារត្រឹមត្រូវ កុំឱ្យធាត់លើសទម្ងន់ពេក ហាត់ប្រាណឱ្យបានទៀងទាត់ និងទៅពិនិត្យសុខភាពជាប្រចាំផងដែរ៕