(ភ្នំពេញ)៖ ក្រសួងសុខាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំលើកទី២៦ នៅសណ្ឋាគារសុខា ភ្នំពេញ ដើម្បីជំរុញផ្សព្វផ្សាយ សារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាព លោកវជ្ជបណ្ឌិត ម៉ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងជាតំណាង លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការចូលរួមពី បណ្តាក្រសួង រាជធានី ខេត្ត ដែលជាសមាជិក សមាជិកាគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ តំណាងអង្គ ការសុខភាពពិភពលោកប្រចាំកម្ពុជា និងលេខាធិការដ្ឋាន។

កិច្ចប្រជុំលើកទី២៦ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់នេះ រៀបចំឡើងក្នុងគោលបំណង ជំរុញការអនុវត្តអនុក្រឹត្យលេខ១៤៩ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ស្តីពី ការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ និងជំរុញការពង្រីកសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ឲ្យសមស្របទៅតាមអនុសញ្ញាអន្តរជាតិស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំរបស់អង្គការសុខភាពពិភពលោក និងស្របតាមការវឌ្ឍនភាពនៃការអនុវត្តព្រមានសុខភាពជា ភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ក្នុងចំណោមប្រទេសក្នុងតំបន់។

ក្រសួងសុខាភិបាល ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងការការពារសុខភាពប្រជាជនពីគ្រោះថ្នាក់នៃផ្សែងផលិតផលថ្នាំជក់ បានខិតខំប្រឹងប្រែងជំរុញការងារត្រួតពិនិត្យផលិតផលថ្នាំជក់ប្រកបដោយប្រសិទ្ធភាព។ ក្រសួងសុខាភិបាលបានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃថ្នាំជក់ទាំង តាមវគ្គបណ្តុះបណ្តាល អប់រំដោយផ្ទាល់ និងដោយប្រយោលដូចជា ការអប់រំតាមរយៈសារព្រមានសុខភាពជា ភាសាខ្មែរ និងជារូបភាពដែលបោះពុម្ភលើកញ្ចប់ផលិតផលថ្នាំជក់បង្ហាញពីគ្រោះថ្នាក់នៃការប្រើប្រាស់ផលិតផល ថ្នាំជក់និងព័ត៌មានពាក់ព័ន្ធផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា សារព្រមានសុខភាពជារូបភាពលើកញ្ចប់ផលិតផល ថ្នាំជក់កាន់តែធំមានប្រសិទ្ធភាពកាន់តែខ្លាំង ព្រោះសារព្រមានសុខភាពបានអប់រំដល់សាធារណជន និងរំលឹកពី ផលប៉ះពាល់នៃផលិតផលថ្នាំជក់ដល់អ្នកជក់ និងអ្នកនៅជុំវិញ។ អ្នកប្រើប្រាស់ផលិតផលថ្នាំជក់មានសិទ្ធិទទួល បាននូវព័ត៌មានពិតពីផលប៉ះពាល់បង្ក ដោយថ្នាំជក់ដូច្នេះបានជាអនុសញ្ញាស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់តម្រូវឲ្យរដ្ឋភាគីដាក់សារព្រមានសុខភាព លើផលិតផលថ្នាំជក់ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអនុក្រឹត្យស្ដីពី ការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់នេះចាប់ពីខែតុលាឆ្នាំ ២០១៥ តម្រូវឲ្យផលិតផលថ្នាំជក់ បោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពទំហំ៥៥%។

រហូតមកដល់ពេលនេះគណៈកម្មាធិការ ត្រួតពិនិត្យផលិតផលថ្នាំជក់បានសង្កេតឃើញថា ក្រុមហ៊ុនមួយចំនួនធំ បានអនុវត្ត និងគោរពតាមអនុក្រឹត្យ ដោយឡែកក្រុមហ៊ុនមួយចំនួនមិនបានអនុវត្ត និងគោរពតាមអនុក្រឹត្យនៅឡើយទេ។

ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងសមាជិក សមាជិកានៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអបអរសាទរដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនដែលបានចេញសេចក្តីណែនាំស្តីពី ការចាត់វិធានការ បង្ការទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល បារីអេឡិចត្រូនិក អេចណ៍ ធី ភី (HTPs) ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រសួងសុខាភិបាល ក្នុងនាមជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់កន្លងមក បានចូលរួមអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក ដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ស្ថាប័ន្ធពាក់ព័ន្ធ និងសាធារណជន និងបានចូលរួមជាមួយសហការជាមួយសហការជាមួយគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្នុង ការចុះតាមដាន ឃាត់ ការលក់ដូរចែកចាយបារីអេឡិចត្រូនិក។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសុខាភិបាល ក៏បានស្នើសុំ ទៅអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការជួយអន្តរាគមន៍ផ្លូវច្បាប់ទៅលើការផ្សព្វផ្សាយការលក់ ផលិតផល បារី អេឡិចត្រូនិក អេចស្ប៉ូណ៍ ធី ភី (HTPs) តាមរយៈបណ្ដាញព័ត៌មានសង្គម។ បារីអេឡិកត្រូនិក ជាផលិតផលថ្មីដែលបង្កហានិភ័យធ្ងន់ធ្ងរ ទាំងអ្នកប្រើប្រាស់ និងអ្នកស្រូបយកចំហាយ៕