(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការទ័ពជើងអាកាស និងលោកស្រី អ៊ូ សិទ្ធិរី ជាភរិយា បានផ្តល់ម៉ាស៊ីនលាង និងបាញ់ខ្យល់ម៉ូតូមួយគ្រឿង ជូនមជ្ឈមណ្ឌលកុមារកំព្រានៅភូមិគុយ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីផ្តល់សេវាកម្មលាងម៉ូតូ និងបញ្ចូលខ្យល់ម៉ូតូ គ្រាន់បានប្រាក់កម្រៃចិញ្ចឹមកុមារកំព្រានៅក្នុងមណ្ឌល។

ម៉ាស៊ីនលាង និងបាញ់ខ្យល់នេះ ត្រូវបានប្រគល់ជូនដល់អ្នកគ្រប់គ្រងមណ្ឌលនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ។ ការផ្តល់ម៉ាស៊ីនលាង និងបាញ់ខ្យល់នេះ ធ្វើឡើងតាមសំណើរបស់អ្នកគ្រប់គ្រងមណ្ឌលកុមារកំព្រា ក្នុងពេលលោកស្រី អ៊ូ សិទ្ធិរី សឹង សំណាង ជាប្រធានក្រុមការងារមនុស្សធម៌ ព្រមទាំងលោកស្រីភរិយានាយទាហានទ័ពជើងអាកាស ក្នុងពេលចុះផ្តល់អំណោយជាម្ហូបអាហារ និងសម្ភារៈសិក្សាជូនដល់មណ្ឌលកុមារកំព្រានេះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ។

តំណាងមជ្ឈមណ្ឌល បានថ្លែងថា ម៉ាស៊ីនលាងសំអាត និងបាញ់ខ្យល់នេះ អាចជួយឱ្យមជ្ឈមណ្ឌលរកបានថវិកា ដើម្បីទ្រទ្រង់ដល់ការផ្គត់ផ្គង់ម្ហូបអាហារ និងការចិញ្ចឹមកុមារនៅក្នុងមណ្ឌល។ តំណាងមជ្ឈមណ្ឌលកុមារកំព្រា បានសំដែងក្តីរីករាយឥតឧបមា និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់នាយឧត្តមសេនីយ៍ សឹង សំណាង និងលោកស្រីរួមទាំងសប្បុរសជន។

ក្រៅតែពីការផ្តល់ម៉ាស៊ីនលាង និងបាញ់ខ្យល់ម៉ូតូហើយនោះ នៅព្រឹកមិញនេះ នាយឧត្តមសេនីយ៍ សឹង សំណាង និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងភរិយាថ្នាក់ដឹកនាំកងទ័ពជើងអាកាស និងអាជ្ញាធរដែនដី បានអញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានមួយចំនួន ដល់ព្រះសង្ឃត្រៀមចូលព្រះវស្សានៅវត្តទួលខ្សាច់ ស្ថិតនៅក្នុងស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សឹង សំណាង បានឆ្លៀតគូសរំលេចពីការរីកចម្រើនលើវិស័យពុទ្ធចក្រនៅក្នុងប្រទេសកម្ពុជា ដែលជាមនុញ្ញផលកើតចេញពីសុខសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំមួយនៅកម្ពុជា និងជាបង្អែកដ៏សំខាន់សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ហើយទទួលបានការរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ៕