(បាភ្នំ-ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះ មូលដ្ឋានស្រុកបាភ្នំ រួមជាមួយសហការី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល និងដកស្រង់ពិសោធន៍ជ័យជំនះ នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។

កិច្ចប្រជុំនេះដែលរៀបចំឡើងដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា «២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២២» បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នាទីស្នាក់ការគណបក្សស្រុកបាភ្នំ ដោយមានវត្តមានរបស់មន្រ្តីក្រុមការងារ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ពិសេសមន្ត្រីជាប់ឆ្នោតថ្មីទាំងអស់ សរុបអ្នកចូលរួមមានចំនួនប្រមាណ ៤៥០ នាក់។

ជាកិច្ចចាប់ផ្តើម លោក ម៉ៅ អ៊ាង ប្រធានគណៈកម្មាធិការគណបក្សស្រុក និងជាប្រធានក្រុមប្រឹក្សា ស្រុកបាភ្នំ បានធ្វើសេចក្តីរាយការណ៍សង្ខេបបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំទាំង៩ ក្នុងស្រុកបាភ្នំ ដែលបាន បង្ហាញច្បាស់ដោយមោទនភាពពីជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ដែលដណ្តើមបានអាសនៈ៥៤ លើចំនួនអាសនៈសរុប ៧១ និងទទួលបានតំណែងជាមេឃុំ និងជាជំទប់ទី១ ទាំងអស់នៅគ្រប់ឃុំទាំង៩ ក្នុងស្រុកបាភ្នំ។

បន្ទាប់ពីតំណាងអង្គប្រជុំបានចូលរួមមតិយោបល់ ពិភាក្សាយ៉ាងផុសផុលបំពេញបន្ថែម លើការពិនិត្យ វាយតម្លៃពីដំណើរការបោះឆ្នោត និងលទ្ធផលជោគជ័យទទួលបាន ដើម្បីដកស្រង់ពិសោធន៍សំរាប់ការបោះឆ្នោតខាងមុខទៀត រួចមកលោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែងមតិបូកសរុបកិច្ចប្រជុំ ដោយបានគូសបញ្ជាក់ សារជាថ្មីពីអត្ថន័យជ័យជំនះដ៏ធំធេងរបស់ គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតឃុំ-សង្កាត់ លើកនេះថា «ប្រជាជនស្រុកបាភ្នំ ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេស មានបំណងប្រាថ្នាដែលជាឆន្ទៈរួមតែមួយគត់ គឺបន្តគាំទ្រយ៉ាងរឹងមាំ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់អនាគតរុងរឿង របស់កម្ពុជាជាដរាបតរៀងទៅ»។

ចុងក្រោយ លោករដ្ឋមន្ត្រីប្រធានក្រុមការងារ ស្រុកបាភ្នំ បានរំលឹកអង្គប្រជុំទាំងមូលឱ្យខិតខំ ពុះពារសំរេចភារកិច្ចនយោបាយ ដើម្បីរួមចំណែក រក្សាឧត្តមភាពប្រៀបឈ្នះរបស់គណបក្សយើង ឈានឆ្ពោះយ៉ាងស្វាហាប់ទៅកាន់ជ័យជំនះថ្មី ក្នុងការបោះឆ្នោតជាតិនាឆ្នាំ២០២៣។

ចំពោះមុខ ត្រូវបន្តច្បាមជាប់មូលដ្ឋានជាប្រចាំចុះ ផ្សារភ្ជាប់ប្រជាជនតាមខ្នងផ្ទះ បន្តធ្វើអំពើល្អគ្រប់ពេលវេលា ដើម្បីសំដែងទឹកចិត្តអរគុណអ្នកបោះឆ្នោត៕