(ក្រចេះ)៖ ស្រ្តីម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់នៅនឹងកន្លែងយ៉ាងអណោចអធម ខណៈពេលដែលស្រ្តីរូបនោះទៅដេញគោត្រឡប់មកផ្ទះវិញ។

ហេតុការនេះបសនកើតឡើងនៅព្រលប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចវាលស្រែក្រោយផ្ទះ ស្ថិតនៅភូមិស្រែស្ដៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ។

យោងតាមរបាយការណ៍នគរបាលក្រុងក្រចេះបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជួន ដាលីស អាយុ៣៦ឆ្នាំ រស់នៅភូមិស្រែស្តៅ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

មុនពេលកើតហេតុជនរងគ្រោះបានយកទូរស័ព្ទបើកបទចម្រៀងដាក់ក្នុងហោប៉ាវ រួចដើរទៅដេញគោត្រឡប់មកផ្ទះ លុះមកដល់ចំណុចកើតហេតុក៏ត្រូវបានផ្គរន្ទះបាញ់ស្លាប់តែម្ដង។

ក្រោយពីកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យរួចក៏បានប្រគល់សាកសពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕