(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានចូលរួមក្នុងពិធីសម្ពោធមណ្ឌលសិក្សាបរិស្ថាន ព្រៃសហគមន៍ត្រពាំងពិការ ស្ថិតក្នុងភូមិ ត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានការចូលរួមពីលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក អស់លោក លោកស្រី ជាអង្គការជាដៃគូ និង ប្រជាពលរដ្ឋជាច្រើននាក់ទៀត។

ក្នុងឱកាសនោះលោក តូច ប៉ូលីវ៉ា បានលើកឡើងថា លោកពិតជាមានសេចក្ដីសោមនស្សរីករាយឥតឧបមា និងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនលោកស្រី Bim Bim អ្នកសម្របមស្រួលប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការដែនដីមនុស្សអាឡឺម៉ង់ ប្រចាំប្រទេសកម្ពុជា ព្រមទាំងវត្តមាន អស់លោក លោកស្រី សមាជិក សមាជិកទាំងអស់ ដែលបានឆ្លៀតឱកាសយ៉ាងមមាញឹកអញ្ជើញចូលរួមក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់នៅមជ្ឈមណ្ឌលសិក្សាបរិស្ថានសហគមន៍នាពេលនេះ។

លោកបន្តទៀតថា អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិត បានធ្វើឲខេត្តស្វាយរៀង មានការប្រែប្រួលរីកចម្រើនគួរឲកត់សម្គាល់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានទទួលស្គាល់ផងដែរថា ការរីកចម្រើន និងការអភិវឌ្ឍន៍ រហូតដល់ពេលនេះ គឺពិតជាមានការ ចូលរួមពីគ្រប់ភាគីពាក់ព័ន្ឋ ក្នុងនោះមានដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល។

លោកថា ជាក់ស្តែង សមិទ្ធិផល ដែលត្រូវធ្វើពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយដោយបាន បង្ហាញពីការចូលរួមរបស់អង្គការដៃគូរ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់អង្គការសន្តិសេនា ទទួល បានគាំទ្រមូលនិធីពីអង្គការដែនដីមនុស្ស និងក្រសួងសហប្រតិបត្តិការដើម្បីសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេស អាឡឺម៉ង់ សមិទ្ធិផលទាំងអស់នេះរួមមានសាលប្រជុំ ការិយាល័យសហគមន៍ កូនផ្ទះសំណាក់សហគមន៍ ស្រះចិញ្ចឹមត្រីសហគមន៍ និងកន្លែងផលិតកម្មមាន់យកស៊ុត និងភ្ញាស់យកកូនសហគមន៍ ទាំងអស់នេះជាការចូល រួមឆ្លុះបញ្ចាំងមួយដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងសហគមន៍អាចមានបំនិនជីវិតសម្រាប់ប្របករបរចិញ្ចឹមជីវិតបន្ថែម ក្រៅពីមុខរបរកសិកម្មផ្សេងទៀត នឹងអាចធ្វើឱ្យយុវជនរបស់យើងអាចមកសិស្សារៀនសូត្រ ដកស្រងបទ ពិសោធន៍ ជាពិសេសអាចតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ចូលមកកម្សាន្តផងដែរ៕