(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្ញើនូវព្រះរាជសារមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយបញ្ជាក់ពីការបានទទួលរួចហើយនូវការទូលថ្វាយលើការកែប្រែថ្ងៃខែឆ្នាំកំណើតរបស់សម្តេច។

ក្នុងព្រះរាជសារបញ្ជាក់ពីការទទួលបាននូវព័ត៌មានកែប្រែថ្ងៃខែឆ្នាំកំណើតនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនសម្តេចតេជោ ទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា។ ព្រះអង្គ ក៏បានសព្វព្រះរាជហឫទ័យប្រសិទ្ធពរជូនសម្តេចតេជោ ប្រកបតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ បានថ្វាយនូវលិខិតមួយច្បាប់ទូលថ្វាយព្រះមហាក្សត្រពីការផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណើតរបស់សម្តេច ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ មកថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៤៩៦៕