(ភ្នំពេញ)៖ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា បានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ស្ដីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន» ដោយមានការអញ្ជើញចូលរួមពីលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា, មន្ត្រីប្រតិបត្តិ និងមន្ត្រីសុវត្ថិភាពចរាចរណ៍ នៃទីស្នាក់ការកណ្តាល, សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ, យុវជនកាកបាទក្រហមកម្ពុជា តំណាងក្រុមហ៊ុន Cambodia Airports និងមន្ត្រីនគរបាលចរាចរណ៍ សរុបចំនួន ១៣២នាក់។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា ការបើកយុទ្ធនាការនៅថ្ងៃនេះ គឺដើម្បីអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក, ការជំរុញលើកទឹកចិត្ដ ឱ្យប្រជាពលរដ្ឋយើង ចូលរួមក្នុងការអនុវត្ដច្បាប់ចរាចរណ៍ ព្រោះថា បើមានច្បាប់ហើយ តែមិនមានការចូលរួមពីប្រជាពលរដ្ឋ គឺមិនអាចសម្រេចបាននូវទិសដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតមានជារៀងរាល់ថ្ងៃនោះទេ។ លើសពីនោះ ការចូលរួមពីប្រជាពលរដ្ឋយើងម្នាក់ៗ ជាប្រការមួយដ៏សំខាន់បំផុត នៅក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ។

លោកស្រីបន្ដថា មូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ គឺការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព មិនគោរពសញ្ញាចរាចរណ៍ មិនពាក់មួកសុវត្ថិភាពត្រឹមត្រូវ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើកបរក្នុងពេលស្រវឹងជាដើម។ «ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋយើង ចូលរួមនៅក្នុងការយល់ដឹង និងគោរពច្បាប់ចរាចរទាំងអស់គ្នា ដើម្បីការពារខ្លួនយើង និងអ្នកដទៃ»

លោកស្រីបានថ្លែងបន្ថែមថា គោលដៅនៃយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចណ៍នាថ្ងៃនេះ បានបែកចែកជា ៤ក្រុម ទៅតាមគោលដៅចំនួន៤ គឺទីតាំងច្រមុះជ្រូកស្ទឹងមានជ័យ ទីតាំងរង្វង់មូលស្តុបនាងគង្ហីង ទីតាំងរង្វង់មូលគួចកាណុងស្ពានជ្រោយចង្វារ និងទីតាំងរង្វង់មូលស្តុបស្ពានព្រះមុនីវង្ស។ នៅតាមគោលដៅនីមួយៗ ក្រុមការងារបានបែងចែកជាក្រុមផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងមានក្រុមសម្របសម្រួលសំណួរចម្លើយ ហើយផ្តល់រង្វាន់ជូនប្រជាពលរដ្ឋដែលបានឆ្លើយសំណួរត្រឹមត្រូវផងដែរ។

សូមជម្រាបថា ក្នុងឱកាសបើកយុទ្ធនាការខាងលើនេះ លោកស្រីអគ្គលេខាធិការរងទី១ ក៏បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ត្រីសុវត្ថិភាពចរាចរណ៍ ជាពិសេសក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាចូលរួមក្នុងការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យចូលរួមលើកកម្ពស់ និងពង្រឹងការអនុវត្តច្បាប់នៅកម្ពុជាយើង៕