(ព្រះវិហារ)៖ លោក ជូ តុងអាន អនុប្រធានក្រុមការងារចុះជួយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងជាប្រធានក្រុមការងារចុះជួយឃុំជាំក្សាន្ត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ និងបេក្ខភាពក្រុមប្រឹក្សាឃុំ ជាំក្សាន្ត៩រូប ចុះពិនិត្យមើលការជួសជុលផ្លូវក្រាលគ្រួសក្រហមមួយខ្សែរពីភូមិវាលធំទៅភូមិវាលពោធិ ដើម្បីសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូនកសិផលនានារបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។

លោក ជូ តុងអាន បានថ្លែងឱ្យដឹងថា ដោយអនុវត្តតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងការណែនាំពីលោក ស្រី ឌឹក ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រុមការងារចុះជួយឃុំជាំក្សាន្ត តែងចុះជាប្រចាំរួមគ្នាជួយជួសជុល កសាង ហេដ្ឋរចនាសម្ព័ន្ធនានា ក្នុងទិសដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។

លោកបញ្ជាក់ថា ជាក់ស្តែងថ្ងៃនេះក្រុមការងារចុះជួយឃុំជាំក្សាន្ត បានដឹកនាំបេក្ខភាពក្រុមប្រឹក្សាឃុំ៩រូប ចុះពិនិត្យមើលការជួសជុលផ្លូវក្រាលក្រួសក្រហមមួយខ្សែរដែលមានទទឹង៥ម៉ែត្រនិងបណ្តោយ២៦៧៤ម៉ែត្រ ចាប់ពីភូមិវាលធំដល់ភូមិវាលពោធិ ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាមួយគ្នានេះក្រុមការងារក៍បានចុះពិនិត្យនិងជំរុញការតបណ្តាញភ្លើងអគ្គិសនីក្នុងឃុំជាំក្សាន្តផងដែរ។

លោកថ្លែងបញ្ជាក់ទៀតថា៖ការចុះពិនិត្យមើលការជួសជុលផ្លូវជូនប្រជាពលរដ្ឋនៅពេលនេះ មិនមែនជាកាសន្យាជាមួយប្រជាពលរដ្ឋមុនការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥នោះទេ ប៉ុន្តែជាតួនាទីភារកិច្ចរបស់ក្រុមការងារ ស្របតោមគោលនយោបាយរបស់គណបក្ស ហើយកិច្ចការនេះក្រុមការងារបានធ្វើសកម្មភាពតាំងពីមុនបោះឆ្នោតមកម្លេះ។

នៅក្នុងឱកាសនេះ លោក ជូ តុងអាន បានថ្លែងណែនាំដល់ក្រុមការងារត្រូវធ្វើការជួសជុល ថែទាំផ្លូវនេះ ប្រកបដោយគុណភាពខ្ពស់ប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង។លោក ជូ តុងអាន បាននាំថវិកាចំនួន៨០មុឺនរៀល អង្ករ១០បេ មីចំនួន៦កេស ទឹកត្រី១កេស ទឹកសុីអុីវ១កេស ត្រីខ១កេស ដែលជាអំណោយរបស់លោក ស្រី ឌឹក ប្រគល់ជូនក្រុមការងារដែលកំពុងធ្វើការជួសជុលផ្លុវផងដែរ៕