(ភ្នំពេញ)៖ លោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៉ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម បានលើកឡើងថា ប្រជាជនកម្ពុជាពិតជាមានសំណាង ដែលមានថ្នាក់ដឹកនាំជាទីគោរព មានភាពប្រាកដនិយមក្នុងការដឹកនាំកម្ពុជា ឲ្យទទួលបានសុខដុមនិយកម្មជាតិសាសន៍ និងសាសនា ជាគំរូសម្រាប់ពិភពលោកទាំងមូល។

ការលើកឡើងរបស់លោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៉ីសា យ៉ាងដូច្នេះធ្វេីឡេីងនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្នុងបាឋកថាពិសេស ស្ដីពី «គុណតម្លៃរួមរបស់យើង និងសម្ព័ន្ធអរិយធម៌» នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ពិធីខាងលើក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សាអង្គការសម្ព័ន្ធពិភពឥស្លាម, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោក លោកស្រី ដែលជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ថ្នាក់ដឹកនាំជួររដ្ឋាភិបាល សាកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ សស្ត្រាចារ្យ និងសិស្សនិស្សិត ជាង៥០០នាក់។

លោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៉ីសា បានបន្តលើកឡើងថា កម្ពុជាជាប្រទេសដែលប្រកាន់លើការអនុវត្ត ជាជាងទ្រឹស្តី ក្នុងការដឹកនាំប្រទេសឲ្យទទួលបាន សុខដុមន៍យកម្ម និងគ្មានការប្រកាន់ជាតិសាសន៍ និងសាសនា។

លោកបណ្ឌិត មហាម៉ាត់ អាប់ដុលការីម បានសម្ដែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាប្រទេសមួយស្ថិតក្នុងបេះដូងរបស់លោក។ លោកបានលើកឡើងថា កម្ពុជា ជាប្រទេសមួយពុំមានការរើសអើងខាងសាសនា ជាប្រទេសមានសន្តិសហវិជ្ជមានជាតិសាសន៍ និងសាសនា ដែលនេះជាតម្លៃពិតរបស់កម្ពុជា គួរជាទីគោរព និងគំរូសម្រាប់ពិភពលោក។

សូមជម្រាបជូនថា លោក បណ្ឌិត មហាំម៉ាត់ អាប់ឌុលការីមអាល់អ៉ីសា ជាអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។

ក្នុងរយៈពេល៧ថ្ងៃ នៃដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាធិការអង្គការ បានចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, បានចូលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោកបណ្ឌិត អូស្មាន ហាស្សាន់, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ជាមួយគ្នានោះ អគ្គលេខាធិការក៏បានចូលជួបសម្តែងការគួរសមចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ, សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ។ ក្រៅពីនេះ លោកអគ្គលេខាធិការ និងគណៈប្រតិភូ នឹងមានកម្មវិធីផ្សេងៗជាច្រើន។

សូមជម្រាបថា អង្គការសម្ព័ន្ធពិភពឥស្លាម RABITA ជាអង្គការដ៏ធំមួយ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦២ ដោយ ព្រះចៅ ហ្វៃសល អាល់សាអ៊ូឌ ជាសមាជិកសង្កេតការណ៍របស់ អង្គការសហប្រជាជាតិ (UN) ជាសមាជិកសង្កេតការរបស់ អង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមានមានទីស្នាក់ការ នៅទីក្រុងម៉ាកាស់ (Makkah) ប្រទេសអារ៉ាប៊ីសាអូឌីត មានការិយាល័យរបស់ខ្លួនជាច្រើន ដែលគ្រប់ដណ្តប់ចំនួន៩៥ប្រទេស៕