(កោះធំ)៖ លោក ស៊ុន ចាន់ថុល សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះធំ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែទៀតជូនប្រជាពលរដ្ឋក្នុងភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។ ផ្លូវមួយខ្សែនេះមានប្រវែងជិត ១គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងក្រោមថវិការបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកោះធំ។

ពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ មានការអញ្ជើញចូលរួមពីលោក ឈឹម ផល្លា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំឈើខ្មៅ ព្រមទាំងក្រុមការងារចុះមូលដ្ឋានឃុំឈើខ្មៅ សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរដ្ឋបាលស្រុក សមាជិកក្រុមប្រឹក្សាឃុំឈើខ្មៅ និងប្រជាពលរដ្ឋសរុបប្រមាណ ៥០៩នាក់។

ក្នុងពិធីនោះលោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីជោគជ័យយ៉ាងត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅស្រុកកោះធំជាទូទៅ និងប្រជាពលរដ្ឋនៅឃុំឈើខ្មៅ ដែលបានផ្ដល់សេចក្តីទុកចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីដឹកនាំ និងបម្រើប្រជាពលរដ្ឋបន្តទៀត។

លោក ស៊ុន ចាន់ថុល បានប្តេជ្ញាបំពេញភារកិច្ចតាមការសន្យាដែលបានលើកឡើងកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដូចជាការបំពាក់អំពូលភ្លើងសូឡាបំភ្លឺផ្លូវ និងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាច្រើនបន្ថែមទៀត ដើម្បីសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដើម្បីចូលរួមអភិឌ្ឍស្រុកកោះធំទាំងមូលឱ្យកាន់តែមានការរីកចម្រើនថែមមួយកម្រិតទៀត។

បន្ថែមពីលើនេះ លោក ស៊ុន ចាន់ថុល បានសំណូមពរឱ្យប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជឿជាក់លើធនធានសមត្ថភាព លទ្ធភាពរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើ និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ជាពិសេសនៅឆ្នាំក្រោយមន្ទីរពេទ្យមួយដ៏ល្អឥតខ្ចោះ គឺមន្ទីរពេទ្យតេជោសែនកោះធំ នឹងលេចចេញជារូបរាងឡើងពិតប្រាកដក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មានមន្ទីរពេទ្យណាដែលធំបែបនេះទេ ពោលគឺជាមន្ទីរពេទ្យធំជាងមន្ទីរពេទ្យនានា នៅតាមបណ្ដាស្រុកទាំងអស់នៅទូទាំងប្រទេស។

លោក ស៊ុន ចាន់ថុល បានឱ្យដឹងដែរថា ក្រុមការងារគណៈបក្សបានបញ្ជាទិញសម្ភារៈ និងឧបករណ៍វេជ្ជសាស្ត្រដែលមានគុណភាពល្អពីសហរដ្ឋអាមេរិក ជប៉ុន កូរ៉េ និងអឺរ៉ុប ដើម្បីបំពាក់ និងផ្គត់ផ្គង់ដល់មន្ទីរពេទ្យនេះ និងបានសន្យាថានៅឆ្នាំក្រោយក្រុមការងារគណៈបក្ស នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យនេះ ឱ្យបានជាដាច់ខាត ជាពិសេសមុនពេលបុណ្យចូលឆ្នាំខ្មែរ៕