(ត្បូងឃ្មុំ)៖ សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា (ស.ស.ឯ.ក) បានជួបសំណេះសំណាលជាមួយសមាជិក ដែលជាម្ចាស់មន្ទីរពេទ្យឯកជន ក្នុងមូលដ្ឋានផ្ដល់សេវាសុខាភិបាលទាំងអស់នៅទូទាំងខេត្តត្បូងឃ្មុំ ដើម្បីផ្សព្វផ្សាយនិងបង្ហាញពីគោលបំណងសំខាន់ៗរបស់សមាគម ជូនដល់សមាជិក ព្រមទាំងបោះឆ្នោតជ្រើសរើសតំណាងប្រធានសមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជាប្រចាំនៅខេត្តត្បូងឃ្មុំ។

ពិធីនេះធ្វើឡើងនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរសម្រាកព្យាបាល និងសម្ភពទេពនិម្មិត ស្ថិតនៅក្រុងសួង ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានប្រតិបត្តិសមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា។

ក្នុងការបោះឆ្នោតជ្រើសរើសប្រធានសមាគម ស.ស.ឯ.ក ប្រចាំខេត្តត្បូងឃ្មុំ ដោយអនុម័ត១៨/១៨សំឡេង ជាលទ្ធផលលោកវេជ្ជបណ្ឌិត ឆន មុនី ទីប្រឹក្សាសម្តេច ហេង សំរិន និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ជាប់ជាប្រធានសមាគម លោកវេជ្ជបណ្ឌិត ហួត គា ជាអនុប្រធានទី១ និងលោកវេជ្ជបណ្ឌិត ថៃ រ៉ាវី ជាអនុប្រធានទី២។

បន្ទាប់ពីការឡើងប្តេជ្ញាចិត្តរបស់លោកវេជ្ជបណ្ឌិត ឆន មុនី ប្រធានសមាគម ស.ស.ឯ.ក ប្រចាំខេត្តត្បូងឃ្មុំថ្មីរួចមក, លោកវេជ្ជបណ្ឌិត ង៉ូវ កាង ប្រធានសមាគមប្រតិបត្តិអ្នកផ្តល់សេវាសុខាភិបាលឯកជននៅកម្ពុជា បានលើកឡើងថា គោលបំណង និងភារកិច្ចចម្បងៗរបស់សមាគម គឺដើម្បីរួមគ្នាការពារផលប្រយោជនន៍ដោយស្របច្បាប់របស់មន្ទីរពេទ្យ មន្ទីរពហុព្យាបាល មន្ទីរសំរាកព្យាបាល សម្ភព មន្ទីរព្យាបាលមាត់ធ្មេញ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ និងសេវាសុខាភិបាលផ្សេងៗទៀតដែលមានច្បាប់អនុញ្ញាត ធ្វើយ៉ាងណារួមគ្នាជាក្រុមដើម្បីការពារភាពត្រឹមត្រូវ ក្នុងការអនុវត្តការងារក្នុងវិជ្ជាជីវៈសុខាភិបាលដោយផ្អែកលើច្បាប់និងក្រមសីលធម៌វិជ្ជាជីវៈជាចម្បង។

លោកវេជ្ជបណ្ឌិតបន្តថា សមាគមជាក្រុមប្រឹក្សាយោបល់ផ្នែកបច្ចេកទេស ដោយសមាគម មានក្រុមការងារផ្នែកបច្ចេកទេស ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសមស្រប ក្នុងការបណ្ដុះបណ្ដាលនិងចែករំលែកបទពិសោធន៍គ្នាទាំង ការងារបច្ចេកទេស និងការងារគ្រប់គ្រងសេវាឯកជនរបស់សមាជិកសមាគម និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាមួយក្រសួងសុខាភិបាលក្នុងការផ្សព្វផ្សាយ និងចូលរួមអនុវត្តច្បាប់គោលនយោបាយ ប្រកាសឬសារាចរណ៍ណែនាំនានារបស់ក្រសួងសុខាភិបាល។

ជាងនេះទៅទៀត ក៏បានផ្ដល់សេវាផ្នែកច្បាប់ដោយមានមេធាវីដើម្បីជួយការពារភាពត្រឹមត្រូវតាមផ្លូវច្បាប់ដល់សមាជិកពេលមានតម្រូវការ ដើម្បីរួមគ្នាវិនិយោគក្នុងវិស័យឯកជន ក្នុងគោលបំណងពង្រឹង និងពង្រីកសេវាសុខាភិបាល ឯកជននៅកម្ពុជា ‌ឲ្យកាន់តែមានភាពជឿនលឿន និងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត ង៉ូវ កាង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំ របស់សមាជិកទាំងអស់ ដែលបានបរិច្ចាកពេលវេលា កម្លាំងកាយ ចិត្តចូលរួមជាមួយសកម្មភាព សមាគម ដើម្បីចូលរួមអភិវឌ្ឍវិស័យឯកជន ក្នុងការផ្តល់សេវាសុខភាពប្រកបដោយការទទួលខុសត្រូវ និងការគោរពក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ជូនប្រជាពលរដ្ឋយើងផងដែរ។

សូមជម្រាបថា នៅថ្ងៃដដែរនេះ នៅខេត្តកំពង់ចាម ក៏បានបោះឆ្នោតជ្រើសរើសប្រធានសមាគមនេះផងដែរ ក្នុងនោះលោកវេជ្ជបណ្ឌិត ណែម ប៊ុនធឿន ជាប់ជាប្រធានសមាគម លោកវេជ្ជបណ្ឌិត សៅ សំបូរ ជាអនុប្រធានទី១ និងលោកវេជ្ជបណ្ឌិត អ៊ិន សែ ជាអនុប្រធានទី២៕