(ភ្នំពេញ)៖ ផលិតផលស៉ីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-Cigarette) ហាក់កម្រើកឡើងវិញនៅក្នុងសង្គម ជាពិសេសមួយរយៈពេលចុងក្រោយគេសង្កេតឃើញមានក្រុមយុវជន បានប្រើផលិតផលហាមឃាត់ទាំងនោះ គួរឲ្យព្រួយបារម្ភ។ ពាក់ព័ន្ធករណីនេះ ក្រសួងអប់រំ យុវជន និងកីឡា បានហាមដាច់ខាតចំពោះវត្តមានផលិតគ្រោះថ្នាក់ទាំងនោះ កើតមាននៅតាមគ្រឹះស្ថានសិក្សា។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា កាលពីខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងបានចេញសេចក្ដីណែនាំហាមមិនឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ដៃគូសហការជាមួយឧស្សាហករថ្នាំជក់ ទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សរណៈយោគយល់គ្នាជាមួយឧស្សាហករថ្នាំជក់ ផ្ដល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិពណ៌ដែលជាកម្មវិធីរបស់ឧស្សាហកម្មថ្នាំជក់ និងត្រូវចូលរួមលុបបំបាត់សកម្មភាពប្រើប្រាស់ផលិតផលថ្នាំជក់តាមគ្រប់រូបភាព។ ក្រៅពីនេះ អវត្តមានគ្រឿងញៀនខុសច្បាប់ និងគ្រឿងស្រវឹងនៅក្នុងគ្រឹះស្ថានសិក្សា ជាការចូលរួមលើកកម្ពស់សុខភាពបុគ្គល, គុណភាពអប់រំ និងគុណភាពជីវិត។

លោកបន្តថា «ករណីមានបាតុភាពនៅតាមគ្រឹះស្ថានសិក្សា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវចាត់វិធានការរដ្ឋបាល។ បើចាំបាច់អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត រាជធានីដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា»។

បើតាមអ្នកនាំពាក្យរូបនេះ គ្រឿងញៀនខុសច្បាប់ និងគ្រឿងស្រវឹង អាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតរបស់អ្នកសិក្សា និងភាគីពាក់ព័ន្ធ។ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងគ្រឿងស្រវឹង។

«ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយដៃគូរការងារផ្សេងៗ ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ និងវិធានការមានប្រសិទ្ធភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់ បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងគ្រឿងស្រវឹងផងដែរ»។ លោក រស់ សុវាចា គូសបញ្ជាក់បន្ថែម។

សូមជម្រាបថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បន្តធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបអាជីវកម្ម និងការនាំចូលផលិតផល SISHA និង E-Cigarette ដែលហាក់កម្រើកឡើងវិញនៅក្នុងសង្គម ជាពិសេសមួយរយៈពេលចុងក្រោយគេសង្កេតឃើញមានក្រុមយុវជន បានប្រើផលិតផលហាមឃាត់នេះគួរឲ្យព្រួយបារម្ភ។

អ្នកជំនាញយល់ថា SISHA និង E-Cigarette គឺជាប្រភេទគ្រឿងញៀនថ្មី ដែលបានកំពុងពង្វក់អារម្មណ៍យុវជនខ្មែរ ដែលជាទំពាំងស្នងឬស្សីឱ្យឈ្លក់វង្វេង បោះបង់ចោលការសិក្សា ការងារ និងអាចឈានទៅបង្កបញ្ហាលំបាកធ្ងន់ធ្ងរ ផ្សេងៗទៀតដល់សង្គមជាតិគួរឱ្យព្រួយបារម្ភ។

ទោះបីផលិតផល SISI និង E-Cigarette មិនមានផ្ទុកសារធាតុញៀន ដែលមានចែងក្នុងតារាងឧបសម្ព័ន្ធនៃច្បាប់ ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន ប៉ុន្តែវាមានផ្ទុកនូវសារធាតុនីកូទីនសំយោគក្នុងកម្រិតខ្ពស់ ដែលបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរជាងបារី។ ជាមួយគ្នានេះ ឧបករណ៍ឥរិយាបទ និងរបៀបប្រើប្រាស់ SISHIA និង E-Cigarette មានលក្ខណៈងាយស្រួល និងមានលទ្ធភាពងាយជំរុញ និងលើកទឹកចិត្តឱ្យមានចំណង់ ប្រើប្រាស់យ៉ាងខ្លាំង ហើយអាចឈានទៅរកការ ប្រើប្រាស់ប្រភេទគ្រឿងញៀនខុសច្បាប់ផ្សេងៗទៀត ដោយលាយជាមួយនឹងផលិតផលខាងលើ ហើយដែលអាចនឹងបង្កឱ្យសមត្ថកិច្ច មានការពិបាកក្នុងការ ចាត់វិធានការ ប្រសិនបើគេធ្វើការចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ជាមួយនឹងការធ្វើអាជីវកម្មផលិតផលនេះ។

លោក គួច ម៉េងលី អ្នកជំនាញសុខភាពសាធារណៈ បានថ្លែងឲ្យដឹងថា SISHA និង E-Cigarette មិនមែនជាផលិតផលផ្តាច់បារី ដូចការលើកឡើងរបស់មហាជនមួយចំនួននោះទេ តែវាជាផលិតផលដែលធ្វើឲ្យខូចសុខភាពខ្លាំងណាស់។

លោកបន្តថា «ការប្រើប្រាស់ SISHA និង E-Cigarette មានជាតិពុលច្រើនណាស់ គឺច្រើនជាងបារីធម្មតាទៅទៀត។ បើយើងជក់បារីមួយដើមៗ មួយថ្ងៃយើងអាចជក់ត្រឹមតែតិចតួចដើម ឬត្រឹមមួយកញ្ចប់ទេ ប៉ុន្តែបើយើងជក់ SISHA និង E-Cigarette នោះវិញ ជួនកាលក្នុងពិធីជប់លៀងមួយយើងជក់វារហូត។ បើតាមការសិក្សា ការជក់ SISHA និង E-Cigarette ត្រឹមតែមួយម៉ោង ស្មើនឹងការជក់បារីធម្មតា ពី ១០០ ទៅ ២០០ដងឯណោះ មានន័យថា វាមានផលប៉ះពាល់ធ្ងន់ធ្ងរជាងការជក់បារីធម្មតាទៅទៀត»។

បើនិយាយពីការទទួលជាតិពុល គឺអ្នកជក់ SISHA និង E-Cigarette ទទួលជាតិកាបូនឌីអុកស៉ីត រហូតដល់ទៅ ៩ដង និងជាតិនីកូទីនខ្ពស់រហូតដល់ទៅ ១.៧ដង នៃការជក់វាមួយដើម បើធៀបនឹងការជក់បារីធម្មតា។ ដោយសារតែការជក់ SISHA និង E-Cigarette មានជាតិនីកូទីនខ្ពស់ អញ្ចឹងហើយបានជាធ្វើឲ្យអ្នកជក់បន្តប្រើប្រាស់វារហូត មិនងាយផ្តាច់នោះដែរ៕