(ភ្នំពេញ)៖ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានចំអកឱ្យ លោក ប៉ុល ហំម ប្រធានគណបក្សកែទម្រង់កម្ពុជា និងលោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម ដែលមិនបានទទួលអាសនៈទាល់តែសោះ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា កន្លងទៅ។

តាមរយៈសារសំឡេងដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា លោក កឹម សុខា បានប្រកាសប្រាប់អ្នកគាំទ្រនៅខេត្តសៀមរាបថា លោក និង លោក សម រង្ស៉ី បានបញ្ចប់សម្ព័ន្ធភាពជាមួយគ្នាជាស្ថាពរហើយ។ ជាមួយគ្នានេះ លោកក៏បានរិះគន់លោក ប៉ុល ហំម និង លោក យ៉ែម បុញ្ញឫទ្ធ ដែលក្បត់ចេញពីលោកទៅបង្កើតបក្សថ្មី ហើយមិនបានទទួលអសនៈក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។

លោកលើកឡើងដូច្នេះថា៖ «អ្នកនៅជាមួយខ្ញុំដូច តា ប៉ុល ហំម ក្តី, យ៉ែម បុញ្ញឫទ្ធិ អីគេចេញពីខ្ញុំតើ ដល់អត់បានអីធ្វើមុខស្វា, គ្រប់គ្នាមិនមែនចេះតែមកកុហក ធ្វើឯងគ្រាន់បើទេ»

លោក ប៉ុល ហំម និង លោក យ៉ែម បុញ្ញឫទ្ធិ ជាអតីតមនុស្សជំនិតរបស់ លោក កឹម សុខា ដែលចេញពីគណបក្សសិទ្ធិមនុស្ស។ លោក ប៉ុល ហំម ធ្លាប់បានទទួលតំណែងជា អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានបង្កើតគណបក្សកែទម្រង់កម្ពុជា។ ចំណែកលោក យ៉ែម បុញ្ញឫទ្ធិ ដែលជាមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ ក៏បានបង្កើតគណបក្សកម្ពុជានិយម បន្ទាប់ពីទទួលបាននីតិសម្បទាក្នុងការធ្វើនយោបាយឡើងវិញ។

អតីតគណបក្សសង្រ្គោះជាតិ ដែលធ្លាប់ជាគណបក្សប្រឆាំងធំមួយ ត្រូវបានបែកខ្ញែកជាច្រើនចម្រៀក បន្ទាប់ពីតុលាការកំពូលកាត់ទោសរំលាយ។ គណបក្សជាច្រើន ដែលត្រូវបានគេដឹងថា បង្កើត និងដឹកនាំដោយ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិនាពេលនេះ រួមមាន គណបក្សឆន្ទៈខ្មែរ, គណបក្សខ្មែរអភិរក្ស, គណបក្សកម្ពុជានិយម, គណបក្សភ្លើងទៀន, គណបក្សកែទម្រង់កម្ពុជា, គណបក្សអនាគតជាតិ និងគណបក្សខ្មែរស្រឡាញ់ជាតិជាដើម៕