(កណ្តាល)៖ ខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ ប្រព្រឹត្តទៅនៅតំបន់ប្រតិបត្តិការសឹករងខេត្តកណ្ដាល នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជាបានថ្លែងថា រយ:ពេល១៥ឆ្នាំកន្លងទៅនេះ សម្ដេចតេជោហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូរយ៉ាងខ្លាំងពីសុខទុក្ខ របស់អតីតយុទ្ធជនកម្ពុជារបស់យើង ដោយតែងតែបញ្ជាឲ្យមានការចុះសួរសុខទុក្ខយកចិត្តទុកដាក់ផ្គត់ផ្គង់ និងថែទាំដល់អតីតយុទ្ធជនកម្ពុជាគ្រប់ៗរូប។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទៀត ក៏បានយកចិត្តទុកដាក់ ថែរក្សាដល់អតីតយុទ្ធជនរបស់យើងផងដែរ ក្នុងរយៈកាលកន្លងទៅនេះ។

ស្ថិតនៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល, លោកឧត្តមសេនីយ៍ត្រីនៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកណ្ដាល, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល, លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល និងមន្ត្រីជាច្រើន អ្នកព្រមទាំងបងប្អូនអតីតយុទ្ធសរុប៣៦០នាក់ផងដែរ។

លោក គង់ សោភ័ណ្ឌ បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសរំលឹកខួបលើកទី១៥ នៃទិវាសមាគមអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ រួចមក និងបានថ្លែងថា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍ អង្គការមិនមែនរាជរដ្ឋាភិបាល និងសប្បុរសជនទាំងអស់ បានយកចិត្តទុកដាក់ផ្ដល់ជំនួយឧបត្ថម្ភគាំទ្រ អតីតយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាចាស់ជរា ជនពិការ ស្រ្ដីមេម៉ាយ និងគ្រួសារយុទ្ធជនពលីមរណៈ ដែលមានជីវភាពលំបាក សំដៅចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព និងសុខមាលភាពរបស់បងប្អូន។ ទឹកចិត្តនិងកាយវិការដ៏សប្បុរសនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីស្មារតី នៃការជួយគ្នាទៅវិញទៅមកនៅគ្រប់កាល:ទេស: និងគ្រប់ទីកន្លែង។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដល់លោកយាយ លោកតា បងប្អូន មីងមា និងសាច់ញាតិទាំងអស់របស់អតីតយុទ្ធជន ដែលសម្ដេចមានសេចក្តីនឹករឭកជាខ្លាំង និងសូមជូនពរ អោយបងប្អូនអតីតយុទ្ធជនយើងទាំងអស់ មានសុខភាពល្អទាំងអស់គ្នាផងដែរ។

នាយឧត្តមសេនីយ៍ គន់ គីម បានយកចំណុចសំខាន់មួយ នៃសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារថា ក្នុងឱកាសខួបលើកទី១៥ នេះ សម្ដេចសូមអំពាវនាវ ដល់បងប្អូនអតីតយុទ្ធជន សូមបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ដោយជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេសពិតជាចងចាំជានិច្ច នូវកាលះបង់និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូន អតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទីស្នេហានៃយើង។

សូមបញ្ជាក់ថា ក្នុងពិធីនេះ អតីតយុទ្ធជន និងគ្រួសារ ចូលរួមសរុប ៣៦០នាក់ មកពីក្រុងតាខ្មៅ ក្នុងនោះមន្ទីរសង្គមកិច្ច ឧបត្ថម្ភជូនសមាជិកជាអតីតយុទ្ធជនចំនួន ៣០០នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល។ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឧបត្ថម្ភជូនសមាជិកជាអតីតយុទ្ធជនចំនួន ៦០នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល សរុបនិង៣៦០នាក់ ស្មើនិងថវិកា១៨,០០០,០០០រៀល និងក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូ,មីមួយកេស,ទឹកត្រីមួយយួរ,ទឹកស៊ីអ៉ីវមួយយួរ,ត្រីខមួយយួរ,ម៉ាស់មួយដុំផងដែរ៕