(សៀមរាប)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះព្យាបាលកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋនៅយោធភូមិភាគទី៤ ស្ថិតនៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការចូលរួម ជាមួយអាជ្ញាធរដែនដី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកប្រាសាទបាគង យុវជន ស ស យ ក និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀត នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី តែងតែគិតគូរសុខទុក្ខចំពោះសុខភាព និងការរស់នៅរបស់កងទ័ពគ្រួសារកងទ័ព និងបងប្អូនប្រជាពលរដ្ឋ និងតែងតែបង្កលក្ខណៈងាយស្រួល ក្នុងការព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋដល់ទីកន្លែង ព្រមទាំងបញ្ជូនប្រជាពលរដ្ឋដែលមានករណីធ្ងន់ធ្ងរមកព្យាបាលនៅរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភទាំងស្រុងរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

ឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង និងជានាយសេនាការយោធភូមិភាគទី៤ ជំនួសមុខមកឲ្យកងទ័ពគ្រួសារកងទ័ព និងប្រជាពលរដ្ឋនៅតំបន់យោធភូមិភាគទី៤ សូមគោរពថ្លែងអំណរគុណសកម្មភាពមនុស្សធម៌ ដ៏ល្អប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធាន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម បានឲ្យក្រុមការងារគ្រូពេទ្យ ចុះពិនិត្យព្យាបាលជូនដល់កងទ័ពគ្រួសារកងទ័ព និងប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅយោធភូមិភាគទី៤ នៅថ្ងៃនេះ។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA ដែលចុះព្យាបាលកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋនៅយោធភូមិភាគទី៤ បានព្យាបាលប្រជាពលរដ្ឋសរុបចំនួន៣៧៥២ករណី និងមានករណីធ្ងន់ធ្ងរចំនួន៣០ ត្រូវបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ ដែលការព្យាបាល និងការចំណាយទាំងអស់ ក្រោមការឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕