(ត្បូងឃ្មុំ)៖ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានបន្តនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋ ជាជនងាយរងគ្រោះចំនួន២៧០គ្រួសារ សុទ្ធសឹងជាជនចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីមេម៉ាយកូនច្រើន កុមារកំព្រា និងទុរគតជន រស់នៅភូមិចំនួន៧ ក្នុងឃុំឈូក ស្រុចក្រូឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។

ក្នុងពិធីចែកអំណោយនេះ ក៏មានអញ្ជើញចូលរួមពីសំណាក់ ប្រតិភូកាកបាទក្រហមកម្ពុជា លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក វង វ៉ាន់នី នាយកប្រតិបត្តិ ព្រមទាំងក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ យុវជនស្ម័គ្រចិត្តកាកបាទក្រហម អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។

បន្ទាប់ពីលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បានឡើងធ្វើរបាយការណ៍សង្ខេបនូវសកម្មភាពលទ្ធផលការងារដែលសាខាកាកបាទក្រហមខេត្តសម្រេចបាននាពេលកន្លងមក ថ្លែងនាឱកាសនោះ លោក យូ ឡាណា ក៏បានពាំនាំព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ដោយក្តីអាណិតស្រឡាញ់ បានគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅជាប្រចាំថ្ងៃ ជាពិសេសលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅទីនេះ។

លោកអគ្គលេខាធិការរងទី២កាកបាទក្រហម បានបន្តថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែផ្តល់អនុសាសន៍ ឲ្យមន្ត្រីក្រោមឱវាទចុះពិនិត្យស្ថានភាពជាក់ស្តែងមើលឲ្យឃើញពីប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទក្រហមកម្ពុជា ដើម្បីដោះស្រាយជួយសម្រាលការលំបាក ឲ្យបានទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលដោយពុំបានដឹងនោះទេ។

ជាការឆ្លើយតបលោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះហ្លួងម៉ែ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមប្តេជ្ញាចិត្តចូលរួមការពារសុខសន្តិភាព ព្រោះថាលោកតា លោកយាយ ធ្លាប់បានឆ្លងកាត់សង្គ្រាម ក្តីវិនាសព្រាត់ប្រាស់ ដែលមិនចង់ឲ្យហេតុការណ៍នេះ កើតឡើងជាថ្មីម្តងទៀតឡើយ។

ក្នុងឱកាសនោះ ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៧០ គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, ជែលលាងដៃដបធំ១ដប ឃីត១កញ្ចប់ និងថវិកា២ម៉ឺនរៀល។

ដោយឡែកសម្រាប់ វត្តក្របីក្រៀក និងវត្តឧប្បលវត្តី(វត្តឈូក) ដែលបានផ្តល់កន្លែងសម្រាប់ប្រារព្ធពិធី ទទួលបាន ក្នុង១វត្ត អង្ករ១០០គីឡូក្រាម ទឹកសុទ្ធ៥កេស មី៥កេស ទឹកត្រី ៥យួរ ត្រីខ៥យួរ និងថវិកាមួយចំនួន ព្រមទាំងឧបត្ថម្ភដល់យុវជន១១នាក់ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមចំនួន១២នាក់ ម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល។

បន្ទាប់មកបានបន្តនាំយកថវិកាផ្តល់ជូនក្រុមគ្រួសារ ស្រ្តីស្លាប់ពេលសម្រាលកូន រស់នៅក្នុងភូមិក្របីក្រៀក ឃុំឈូក ចំនួន៣៥ម៉ឺនរៀល និងបន្តសំណេះសំណាលសុខទុក្ខក្រុមគ្រួសារ រងគ្រោះថ្នាក់ចរាចរណ៍ ដែលមានប្តីពិការមួយកំណាត់ក្រោម ប្រពន្ធស្រ៉ាំឆ្អឹងត្រគៀក កាកបាទក្រហមខេកម្ពុជា ផ្តល់ជូនអង្ករ១០០គីឡូក្រាម មី២កេស ឃីត២កញ្ចប់ ទឹកត្រី២យួរ ត្រីខ២យួរ និងរទេះជនពិការចំនួន១ ព្រមទាំងបាននាំយកថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនចំនួន១០,០០០,០០០រៀលផងដែរ៕