(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ បានចាត់ឱ្យ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារស្ត្រីឈ្មោះ ញេន ស្រីល័ក្ខ អាយុ ២៨ឆ្នាំ ដែលជាស្ត្រីមួយរូបបានខិតខំតស៊ូ ជំនះការលំបាក ប្រឹងប្រែងរែកពុនបន្ទុកគ្រួសារទាំងស្រុង ដេីម្បីចិញ្ចឹមថែទាំប្តីដែលធ្លាក់ខ្លួនពិការមួយកំណាត់ខ្លួនដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១៩កន្លងទៅ និងកូនតូចអាយុជាង៣ឆ្នាំ រួមជាមួយឪពុកចាស់ រស់នៅភូមិច្រវ៉ាក់ដែក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តម អគ្គលេខាធិការរងទី ២ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការកោតសរសេីរចំពោះក្មួយស្រី ញេន ស្រីល័ក្ខ ដែលមានការតស៊ូ ជំនះរាល់ការលំបាកដេីម្បីជីវភាពគ្រួសារ និងមិនបោះបង់ប្តីពិការ ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានពាំនាំនូវការលេីកទឹកចិត្តពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះក្មួយស្រី ញេន ស្រីល័ក្ខ និងក្រុមគ្រួសារ សូមកុំអស់សង្ឃឹម ត្រូវបន្តខិតខំតស៊ូជំនះឧបសគ្គនានា ដើម្បីអនាគតក្រុមគ្រួសារ និងកូនស្រីរបស់ខ្លួន ហេីយសង្ឃឹមថាថវិកាដែលបានផ្តល់ជូននាពេលនេះ ក្មួយស្រី នឹងអាចយកទៅប្រកបមុខរបរដេីម្បីលេីកស្ទួយជីវភាពគ្រួសារ និងមិនលំបាកទៅធ្វេីការងារឆ្ងាយដូចមុនទៀតឡេីយ។

ជាការឆ្លេីយតប ក្មួយស្រី ញេន ស្រីល័ក្ខ និងក្រុមគ្រួសារ បានលើកដៃថ្លែងអំណរគុណទាំងចិត្តក្តុកក្តួលថា «កូនចៅពិតជារំភេីបរីករាយដោយមិននឹកស្មានដល់ និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ បានជួយសង្គ្រោះដល់គ្រួសាររបស់យេីងខ្ញុំ ដែលកំពុងជួបទុក្ខលំបាកយ៉ាងខ្លាំងនេះ ហេីយកូនចៅពិតជាត្រេកអរខ្លាំងណាស់»

សូមជម្រាបថា អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនគ្រួសារ រួមមាន៖ អង្ករ ១០០គីឡូក្រាម, មី២កេស, ទឹកស៊ីអ៊ីវ ២យួរ, ត្រីខ ២យួរ, ទឹកសុទ្ធ ២កេស, ឃីត២កញ្ចប់ (សារុង ក្រមា មុង ភួយ) និងថវិកាចំនួន ១០លានរៀល។

ក្នុងឱកាសនោះដែរ បន្ទាប់ពីផ្តល់អំណោយមនុស្សធម៌ ដល់គ្រួសារខាងលើនេះ ឯកឧត្តម អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ក៏បានបន្តចុះទៅសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ឧបត្ថម្ភដល់អ្នកចិញ្ចឹមបីបាច់ថែរក្សាទារក ដែលត្រូវម្តាយស្លាប់ចោលក្រោយសម្រាលរួច ហើយឪពុកបានបោះបង់ចោលថែមទៀតផងដែរ៕