(ភ្នំពេញ)៖ «យោងតាមលទ្ធផលជំរឿនសត្វត្មាត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ សត្វត្មាតចំនួន ១២៨ក្បាលត្រូវបានកត់ត្រាក្នុងនោះនៅដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែងចំនួន ៨០ក្បាល ដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារចំនួន ១៥ក្បាល ដែនជម្រកសត្វព្រៃសម្បូណ៌ ខេត្តក្រចេះចំនួន ២៤ក្បាល និងដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរីចំនួន ៩ក្បាល»។ នេះគឺជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ។

លោកបានថ្លែងថាក្រុមការងារអភិរក្សសត្វត្មាតនឹងបន្ត តាមដានបន្ថែមនិងត្រូវធ្វើជំរឿនចំនួន២ដងទៀត សម្រាប់ឆ្នាំ ២០២២ នេះ គឺនៅខែកញ្ញា និងខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើសេចក្តីសន្និដ្ឋានថាចំនួនសត្វត្មាតនៅឆ្នាំ ២០២២ នេះមានចំនួនកើនឡើង ឬក៏មានចំនួនថេរ បើប្រៀបធៀបនឹងឆ្នាំ២០២១ កន្លងទៅនេះ។

ទិន្នន័យសត្វត្មាតកាលពីឆ្នាំ២០២១ កន្លងទៅដែលត្រូវលោក នេត្រ ភក្ត្រា ឱ្យដឹងថាមានចំនួន ១២១ក្បាល នៅក្នុងអាហារដ្ឋានត្មាតចំនួន ៤កន្លែង នៅតំបន់ការពារធម្មជាតិកម្ពុជា ក្នុងនោះមានត្មាតភ្លើង ២០ក្បាល ត្មាតផេះ ៦៦ក្បាល និងត្មាតត្នោត ៣៥ក្បាល។ ទោះបីជាមិនទាន់អាចកំណត់បាននៅចំនួនសត្វត្មាតពិតប្រាកដ នៅឆ្នាំ២០២២ នេះនៅឡើយ តែរដ្ឋលេខាធិការក្រសួងបរិស្ថានបានបង្ហាញសុទិដ្ឋិនិយមថាចំនួនសត្វត្មាតនៅកម្ពុជាអាចនឹងមានចំនួនថេរ ឬអាចនឹងមានកំណើនតិចតួច ប៉ុន្តែមិនធ្លាក់ចុះឡើយព្រោះបើពិនិត្យលើលទ្ធផលនៃជំរឿននៅថ្ងៃទី១៧ ខែមិថុនា ក្រុមការងារអភិរក្សបានកត់ត្រាវត្តមានសត្វត្មាតចំនួន ១២៨ក្បាលដែលមានចំនួនច្រើនជាងឆ្នាំ២០២១ រួចស្រេចទៅហើយ ចំណែកជំរឿនកាលពីថ្ងៃទី១០ ខែមិថុនា សត្វត្មាតចំនួន ១៣៤ក្បាល ត្រូវបានកត់ត្រា។ ដូច្នេះ គេអាចសន្និដ្ឋានបឋមថាត្មាតនៅកម្ពុជាអាចមានចន្លោះពី១២៨ ដល់ ១៣៤ក្បាល នៅឆ្នាំ២០២២នេះ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការធ្វើជំរឿនសត្វត្មាតប្រចាំឆ្នាំនេះ គឺដើម្បីដឹងពីការវិវត្តនៃចំនួនសត្វត្មាត នៅកម្ពុជា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងដាក់ចុះវិធានការផ្សេងៗក្នុងបំណងការពារឱ្យបាននូវប្រភេទសត្វដ៏កម្រនេះ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជា គឺជាក្តីសង្ឃឹមចុងក្រោយសម្រាប់ប្រភេទសត្វត្មាតទាំងនេះ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែ ចំនួននេះបានធ្លាក់ចុះពាក់កណ្តាលក្នុងរយៈពេល១០ ឆ្នាំកន្លងមក។ ដើម្បីការពារនិងអភិរក្សសត្វត្មាតឱ្យបានគង់វង្សសកម្មភាពសិក្សាស្រាវជ្រាវ និងអភិរក្សសត្វត្មាតនៅប្រទេសកម្ពុជា បានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០០៤ ដែលនៅពេលនោះចំនួនសត្វត្មាតដែលបានកត់ត្រា ពេលធ្វើជំរឿនមានចំនួន ១៦២ក្បាល ដែលជាទិន្នន័យធ្វើជំរឿនលើកដំបូង។ ទិន្នន័យជំរឿនឆ្នាំ២០១០ ចំនួនសត្វត្មាតបានកើនដល់២៨៩ក្បាល។ ក៏ប៉ុន្តែចាប់ពីឆ្នាំ២០១១ ដល់២០១៤ ចំនួនសត្វត្មាត មានការថយចុះគួរឱ្យបារម្ភ។ ចាប់ពីពាក់កណ្តាលឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ចំនួនសត្វត្មាតទាំង៣ ប្រភេទមានចន្លោះពី១២០ ទៅ១៤០ក្បាល។ ដោយឡែកចំនួនសម្បុកដែលបានរកឃើញ និងការពារក៏មានការធ្លាក់ចុះពី ២៧សម្បុកនៅក្នុងឆ្នាំ២០១៥ មកសល់ត្រឹម ១៤សម្បុកក្នុងឆ្នាំ២០២១។ សត្វត្មាតទាំង៣ ប្រភេទនេះសុទ្ធសឹងតែត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមនៃអង្គការ IUCN។

លោក នេត្រ ភក្ត្រា បានថ្លែងកោតសរ សើរចំពោះក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាន និងអង្គការដៃគូទាំងអស់នៃក្រុមការងារ អភិរក្សសត្វត្មាតកម្ពុជា ក៏ដូចជាមន្ត្រី ឧទ្យានុរក្សទាំងអស់ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួននៅតាមតំបន់ការពារធម្មជាតិនានាដើម្បីការពារ និងអភិរក្សទីជម្រកធម្មជាតិនៃដែនជម្រកសត្វព្រៃដែលមានវត្តមានសត្វត្មាត។

សូមជម្រាបថា សមាសភាពក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា រួមមាន៖ ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អង្គការជីវិតសត្វស្លាបអន្តរជាតិ (BirdLife), អង្គការមូលនិធិ សកលសម្រាប់ធម្មជាតិ (WWF), មជ្ឈមណ្ឌលអង្គរដើម្បីអភិរក្សជីវៈចម្រុះ (ACCB), អង្គការសមាគម អភិរក្សសត្វព្រៃ (WCS), អង្គការ ជីវិតធម្មជាតិកម្ពុជា (NLC), ក្រុមហ៊ុន Rising Phoenix អង្គការ CBGA, ក្រុមហ៊ុន SVC Tour និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ (CBC)៕