(ព្រៃវែង)៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ.សង្កាត់ អាណត្តិទី៥ នាព្រឹកថ្ងៃទី១៨ មិថុនានេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានថ្លែងអំណរគុណដល់ក្រុមការងារខេត្ត ស្រុក និងអាជ្ញាធរ ដែលបានចុះជួយស្រុកពារាំង ក្នុងកិច្ចខិតខំបម្រើប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានឲ្យមានការរីកចម្រើន។

លោក ប្រធានក្រុមការងារ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងស្រុកពារាំង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតធ្វើឱ្យគណបក្សទទួលបានសម្លេងគាំទ្រដ៏ច្រើនលើសលប់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់ អាណត្តិទី៥ កន្លងមកនេះ។

នៅក្នុងឱកាសនោះដែរលោក វង្ស ពិសេន បានធ្វើការបូកសរុបវាយតម្លៃអំពីចំណុចខ្លាំង និងចំណុចខ្សោយ ព្រមទាំងដាក់ចេញនូវទិសដៅអនុវត្តបន្តមួយចំនួន ដើម្បីឈានឆ្ពោះទៅកាន់ការងារបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ នាពេលខាងមុខ៕