(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងសហការី បានចុះទៅពិនិត្យវឌ្ឍនភាពការងារតាមមន្ទីរមុខងារសាធារណៈ នៃបណ្តាខេត្តជាប់សមុទ្រ និង បើកកិច្ចប្រជុំពិគ្រោះយោបល់ប្រមូលធាតុចូល សម្រាប់កែលំអបញ្ចប់ការរៀបចំសេចក្តីណែនាំស្តីពីនីតិវិធីនៃការផ្តល់ទិដ្ឋាការលើការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្រ្តីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ។

ដំណើរបំពេញការងារដែលមានរយៈពេល៣ថ្ងៃនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមិថុនា ឆ្នាំ២០២២ នៅតាមខេត្តទាំង៤ ដោយចាប់ផ្តើមពីខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។

ដោយឡែកនៅខេត្តព្រះសីហនុ លោករដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈក៏បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសាងសង់ថ្មីនៃមន្ទីរមុខងារសាធារណៈ ដោយមានការចូលរួមពីសំណាក់អភិបាលខេត្ត តំណាងក្រុមប្រឹក្សាខេត្ត និងមន្រ្តីរាជការជាច្រើនរូបទៀត រួមជាមួយវត្តមានផងដែររបស់ប្រធានមន្ទីរមុខងារសាធារណៈនៃរាជធានីខេត្តទាំង២៥។

មានមតិទៅកាន់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់ខេត្តទាំង៤ និងប្រធានមន្ទីរមុខងារសាធារណៈទាំងអស់នៅទូទាំងប្រទេស លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួង មុខងារ សាធារណៈ បានថ្លែងការកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់បណ្តាអង្គភាពស្ថាប័នគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបង្កើតបានជាស្នាដៃធំធេង ចូលរួមវិភាគទានយ៉ាងសំខាន់ដល់សមិទ្ធផលរួមដែលទូទាំងប្រទេសសម្រេចបាន ក្នុងការកសាងការពារមាតុភូមិ សម្រាប់បុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព របស់កម្ពុជា។

លោករដ្ឋមន្ត្រីក៏បានថ្លែងការកោតសរសើរផងដែរចំពោះមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងចលនាជាតិក្រោមមគ្គុទេសក៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានប្រយុទ្ធឈ្នះកូវីដ-១៩ នាំសង្គមជាតិមកកាន់ប្រក្រតីភាពជាធម្មតាដូច សព្វថ្ងៃ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជានៅទូទាំងប្រទេស ដែលបានផ្តល់ជំនឿទុកចិត្តគាំទ្រនិង បោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាឱ្យបានទទួលជ័យជំនះដ៏ត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដើម្បីបន្តដឹកនាំសង្គមជាតិកម្ពុជាឆ្ពោះទៅកាន់អនាគតរុងរឿងជាដរាបតរៀងទៅ៕