(កំពង់ធំ)៖ លោក ងួន រតនៈអភិបាខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាកំពង់ធំ និងសហការី បានរៀបចំពិធីសូត្រមន្តអបអរសាទរព្រះរាជពិធីបុណ្យចំរើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៦ យាងចូល៨៧ព្រះវស្សា នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២២។

ស្ថិតក្នុងពិធីដ៏វិសេសវិសាលបាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តដល់ព្រះសង្ឃព្រមទាំងបានលើកហត្ថប្រណម បួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យបារមីថែរក្សាព្រះមហាស្វេតឆ័ត្រ និងវត្ថុសក្តិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះកាយពលមាំមួន ព្រះរាជសុខភាពរឹងមាំ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោក ងួន រតនៈ បានសម្តែងនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយសម្ដេចព្រះមហាក្សតីព្រះវររាជមាតាជាតិខ្មែរ ដែលកន្លងមកទ្រង់បានលះបង់ព្រះរាជកាយពលនិងព្រះរាជបញ្ញាញាណចំពោះព្រះរាជកិច្ចដ៏មហាប្រពៃថ្លៃថ្លារបស់ទ្រង់ ដែលតែងតែយកព្រះរាជហឫទ័យ ទុកដាក់អំពីសុខុមាលភាពរបស់ប្រជានុរាស្ត្រ ព្រមទាំងបានបំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមប្រកបដោយគុណធម៌ ក្នុងវិស័យមនុស្សធម៌ដើម្បីភាពសុខក្សេមក្សាន្តរបស់ប្រជារាស្ត្រខ្មែរគ្រប់រូប ជាពិសេសព្រះអង្គតែងបានប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ ក្នុងបុព្វហេតុមនុស្សធម៌ក្នុងការជួយដោះស្រាយទុក្ខលំបាកដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាពជូនប្រជារាស្ត្ររបស់ព្រះអង្គ៕