(ស្វីស)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ពុជា និងគណៈប្រតិភូរបស់ក្រសួង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន Nestlé Switzerland ដែលមានទីតាំងនៅទីក្រុង Vevey ប្រទេសស្វីស។ ទស្សនកិច្ចនេះ ធ្វើឡើងដើម្បីពិភាក្សាការងារ ផ្លាស់ប្ដូរព័ត៌មាន និងស្តាប់នូវបទបង្ហាញរបស់ក្រុមហ៊ុនក្នុងការធ្វើប្រតិបត្តការអាជីវកម្មរបស់ខ្លួនលើទីផ្សារលើពិភពលោក ក៏ដូចជាទីផ្សារកម្ពុជា។

ឆ្លៀតក្នុងដំណើរទស្សនកិច្ចនៅក្រុមហ៊ុននេះ លោករដ្ឋមន្ត្រីពាំណិជ្ជកម្ម បានស្នើឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រួមគ្នាដោះស្រាយលើក្ដីព្រួយបារម្ភរបស់អ្នកប្រើប្រាស់ផលិតផល Nestlé ក្នុងប្រទេសកម្ពុជា។ ក្តីបារម្ភរបស់អ្នកប្រើប្រាស់ ដែលលោករដ្ឋមន្ត្រីស្នើឱ្យដោះស្រាយនោះ មានដូចជាបញ្ហាអាហាររូបត្ថម្ភ (Nutrition) និងការដាក់សារធាតុអាហាររូបត្ថម្ភក្នុងអាហារ (Fortifications) បញ្ហាសុវត្ថិភាពម្ហូបអាហារ និងការក្លែងបន្លំផលិតផលជាដើម។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានណែនាំឱ្យភាគីក្រុមហ៊ុន និងអគ្គនាយកដ្ឋាន ក.ប.ប. ពិនិត្យលទ្ធភាពក្នុងការរៀបចំជាអនុស្សានៈនៃការយោគយល់គ្នា (MOU) នាពេលខាងមុខផងដែរ។

ឆ្លើយតបសំណើនេះ តំណាងក្រុមហ៊ុន Nestlé Switzerland បានសន្យាធ្វើការជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការដោះស្រាយបញ្ហាដែលបានលើកឡើងឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចក្រុមហ៊ុន Nestlé នេះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានជម្រាបថ្នាក់ដឹកនាំក្រុមហ៊ុន អំពីវឌ្ឍនភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ជាពិសេសការដាក់ចេញយុទ្ធនាការស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស រហូតសម្រេចការចាក់វ៉ាក់សាំងបានជាង ៩៥ភាគរយនៃប្រជាជនសរុប និងបានប្រកាសបើកប្រទេសជាថ្មី តាំងពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ប៉ាន សូរស័ក្តិ ក៏បានបានជម្រាបថ្នាក់ដឹកនាំក្រុមហ៊ុនអំពីសក្ដានុពលវិនិយោគនៅកម្ពុជា ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ថ្មីៗនេះប្រទេសកម្ពុជាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលមានប្រទេសអាស៊ាន១០ និងដៃគូមាន៖ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវ៉ែលហ្សេឡង់។

លោករដ្ឋមន្ត្រី បានគូសរំលេចទៀតថា កម្ពុជាបានខិតខំប្រឹងប្រែងក្នុងការងារកសាងបទដ្ឋានគតិយុទ្ធ និងធ្វើវិសោធនកម្មច្បាប់សំខាន់ៗជាច្រើន ដើម្បីធានាបាននូវបរិយាកាសធុរកិច្ច និងវិនិយោគ ប្រកបដោយសុច្ចរិតភាព និងកាន់តែល្អប្រសើបន្ថែមទៀត ជាក់ស្ដែងដូចជា៖ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព ផលិតផលទំនិញ និងសេវា, ច្បាប់ស្តីកិច្ចការពារ អ្នកប្រើប្រាស់, ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង, និងច្បាប់ស្តីសុវត្ថិភាពម្ហូបអាហារ ដែលច្បាប់ទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគបន្ថែមទៀតនៅកម្ពុជា។

តំណាងក្រុមហ៊ុន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណចំពោះវត្តមានលោករដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចំពោះដំណើរទស្សនកិច្ចនៅក្រុមហ៊ុន Nestlé Switzerland។

ក្នុងឱកាសបំពេញទស្សនកិច្ចនេះ ក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីការធ្វើប្រតិបត្តការអាជីវកម្មរបស់ខ្លួនលើទីផ្សារពិភពលោក ក៏ដូចជាទីផ្សារកម្ពុជាផងដែរ។ តាមរយៈបទបង្ហាញនោះ ទីផ្សារកម្ពុជា ក៏ជាទីផ្សារមួយមានការប្រើប្រាស់ផលិតផល Nestlé ក្នុងទំហំគួរឱ្យកត់សម្គាល់ ដែលក្រុមហ៊ុនមានបំណងវិនិយោគបង្កើតរោងចក្រ នាពេលអនាគតដ៏ខ្លីខាងមុខ៕