(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យដីនៅតំបន់បីចំណុចអាង២០០០ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដែលប្រជាពលរដ្ឋអាស្រ័យផលពីក្ខណៈ ក្រុមសាមគ្គី អំឡុងពេលឆ្នាំ១៩៨០-១៩៨១ ដើម្បីសិក្សាកាត់ឆ្វៀលជូនពួកគាត់នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

លោក ងួន រតនៈ បានអរគុណប្រជាពលរដ្ឋបានចូលរួមជាមួយអាជ្ញាធរ ដូចជាពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា កន្លងមកនេះដែលបានដកហូតដីនៅតំបន់៣ ហើយក៏បានហាមមិនឲ្យអាស្រ័យផលជាដាច់ខាត់។

លោកថា សម្តេចតេជោ បានឲ្យក្រុមការងារចម្រុះថ្នាក់ជាតិ ថ្នាក់ខេត្តបានសិក្សាលម្អិតក្នុងការកាត់ឆ្វៀលដីពីតំបន់៣ មកតំបន់២វិញ ដើម្បីប្រជាពលរដ្ឋមានសិទ្ធគ្រប់គ្រាន់ក្នុងការអាស្រ័យផលស្រូវជាធម្មតា និងចេញប័ណ្ណកម្មសិទ្ធ (ប្លង់ដី) ឲ្យទៅកាន់ពលរដ្ឋផងដែរ។

លោកបានបញ្ជាក់ថា ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចកាត់ឆ្វៀលដីអភិរក្សបឹងទន្លេសាបចេញពីតំបន់៣ និងតំបន់២ ជូនទៅប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្តែងចាប់ពី ១០ឆ្នាំឡើងទៅ ឬអាចក្រោម១០ឆ្នាំ ចំពោះដីមិនមែនជាដីព្រៃលិចទឹក ហើយគោករាក់មិនអាចស្តារបាន។

លោកបានបន្តថា ជាក់ស្តែងរសៀលថ្ងៃនេះ រដ្ឋបាលខេត្តបានចុះមកពិនិត្យដល់ទីតាំងតំបន់៣ ពលរដ្ឋបានអាស្រ័យផលដីរបបគ្រួសារ ក្នុងអំឡុងពេល ឆ្នាំ១៩៨០-១៩៨១ ការធ្វើស្រែជាលក្ខណៈក្រុមសាមគ្គី ស្ថិតក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ហៅអាង២០០០ និងពិនិត្យឲ្យល្អិតល្អន់បំផុតតើគួរឆ្វៀលជូនពលរដ្ឋ ឬទុកសំរាប់ដីរដ្ឋ។

លោកបានបញ្ជាក់ទៀតថា យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរដ្ឋាភិបាលកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅ និងអនុក្រឹត្យលេខ១០៥ អនក្រ.ប្រកចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ របស់រាជរដ្ឋភិបាលកម្ពុជា ស្តីពីកែសម្រួលផ្ទៃដីទំហំ ៦,៣៨៥ ហិចតា ចេញពីតំបន់៣ បញ្ចូលមកតំបន់២នៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នឹងប្រគល់ជូនប្រជាពលរដ្ឋ និងអាស្រ័យផល៕