(កំពង់ធំ)៖ លោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា គ្រូបង្រៀនត្រូវពង្រឹងសមត្ថភាពខ្លួនឯងជាបន្តបន្ទាប់ ស្របពេលបច្ចេកវិទ្យាកាន់តែទំនើប។

លោកបានថ្លែងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា ២០២១-២០២២ ដោយមានការអញ្ជើញចូលរួមពីលោក
ចាន់ តារា អភិបាលរងខេត្ត អភិបាល ក្រុង-ស្រុក អង្គការដៃគូរនានា និងលោកគ្រូ អ្នកគ្រូ ជានាយកជិត៣០០នាក់។

លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានធ្វើរបាយការណ៍សង្ខេបពីបញ្ហាប្រឈមក្នុងការអនុវត្តកម្មភាពកន្លងមកលើអនុវិស័យទាំង៤ ក្នុងនោះវិស័យអប់រំកុមារតូច អនុវិស័យអប់រំបឋមសិក្សា អនុវិស័យមធ្យមសិក្សា និងអនុវិស័យការអភិវឌ្ឍយុវជន ក្នុងនោះអត្រា នៃការបោះបង់ការសិក្សារបស់សិស្ស ពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ ទប់ស្កាត់គ្រប់សកម្មភាពអសកម្មរបស់សិស្ស បញ្ជ្រាបការងារអនាម័យ បរិស្ថាន ថែទាំដាំដើមឈើ ធ្វើយ៉ាងណាឲ្យសិស្សានុសិស្ស លេងកីឡាឲ្យបានគ្រប់ៗគ្នា។

លោកបណ្ឌិត ទូច វិសាលសុខ ក៏បានជំរុញឲ្យលោកគ្រូអ្នកគ្រូបង្រៀនសិស្សដោយយកចិត្តទុកដាក់ និងបង្កើនសមត្ថភាពរបស់ខ្លួនតាមបច្ចេកវិទ្យាទំនើប ជាពិសេសត្រូវពង្រឹងទៅលើអនុវិស័យកុមារតូច ដោយពង្រីកផ្ទៃសិក្សា សហគមន៍ នៅតាមមូលដ្ឋាននឹងផ្ដោតសំខាន់ ទៅលើសាលាកុមាមេត្រី ដោយគ្រប់គ្រងសាលាប្រកបដោយគុណភាព។

លោកបានបន្តទៀតថា ការការពារសុវត្ថិភាពផ្លូវចិត្ត ការពារម្ហូបអាហារការថែរក្សាកែលម្អបរិស្ថានសាលារៀន ដើម្បីជាភាពទាក់ទាញសិស្សានុសិស្សឲ្យបានចូលរៀននៅគ្រប់ភូមិសិក្សា ដោយផ្ដោតសំខាន់ទៅលើវិធីសាស្រ្តអំណានដំបូង ត្រូវចេះអាន សរសេរភាសាខ្មែរ ឲ្យបានច្បាស់លាស់។ ត្រូវតាមដានសភាពការណ៍ប្រចាំថ្ងៃ ជាពិសេសទៅលើមតិយោបល់របស់ប្រជាជន និងការវាយប្រហារចេញពីគ្រប់មជ្ឈដ្ឋាន និងបញ្ហាប្រឈមផ្សេងៗទៀត។

មន្ទីរ និងអង្គភាពក្រោមឱវាទគួរមានបណ្តាញមួយដើម្បីទទួលនូវព័ត៌មាន និងសំណូមពររបស់សហគមន៍ សង្គមស៊ីវិល និងដៃគូទាំងអស់ ដើម្បីយកមកពិនិត្យ និងដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោកបានណែនាំឱ្យបន្តអនុវត្តដំណើរការកែទម្រង់ដោយឆន្ទៈមុតស្រួច និងកាន់តែមានប្រសិទ្ធភាព ដោយគិតគូរអំពីការរៀបចំប្រព័ន្ធតាមដាន ត្រួតពិនិត្យមានភាពប្រទាក់ក្រឡាគ្នាគ្រប់ជ្រុងជ្រោយ និងសង្គតិភាពដែលគ្របដណ្តប់
លើគ្រប់វិស័យដោយមិនត្រូវមើលរំលងអំពីការពង្រឹងរដ្ឋបាលសាធារណៈទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិជារដ្ឋបាលទំនើប ស្អាតស្អំ និងប្រកបដោយគុណភាព ដើម្បីធានាសាមគ្គីភាព និងប្រសិទ្ធភាពស្ថាប័ន ការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការផ្តល់សេវាកាន់តែប្រសើរជូនប្រជាពលរដ្ឋកាន់តែប្រសើរ។

លោកបានស្នើឲ្យលោកគ្រូអ្នកគ្រូ ចេះធ្វើការចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ក្នុងការឆ្លើយតបជាប្រយោជន៍របស់គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិត ហើយការអប់រំមិនមែនធ្វើតែម្នាក់ឯងបាននោះទេ ទាល់តែមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទើបធ្វើឲ្យការអប់រំប្រសើរឡើង៕