(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោក Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារក្នុងគោលបំណងដើម្បីលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងស្វែងយល់អំពីសក្ដានុពល និងឱកាសវិនិយោគក្នុងខេត្តស្វាយរៀង។

ក្នុងជំនួបនេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកប្រធានអង្គភាព អគ្គិសនីស្វាយរៀង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

លោកឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី បានថ្លែងអំណរគុណអភិបាលខេត្ត ចំពោះជំនួបនាថ្ងៃនេះ ក៏ដូចជាការសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់លោករយៈពេល ៣ថ្ងៃមកនេះ ក្នុងទឹកដីនៃខេត្តស្វាយរៀង ដែលលោក និងក្រុមការងារ ទទួលបាននូវធាតុចូលជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍ ស្ថានភាពវិនិយោគ និងសក្ដានុពលសំខាន់នានារបស់ខេត្តស្វាយរៀង ហើយលោកនឹងនាំយកព័ត៌មានទាំងនេះជូនដល់អ្នកវិនិយោគឥណ្ឌូនេស៊ី ដើម្បីសិក្សាពីឱកាសវិនិយោគក្នុងខេត្តស្វាយរៀង។

ជាមួយនេះ លោកក៏បានថ្លែងអំណរគុណលោកអភិបាលខេត្ត ដែលបានផ្ដល់នូវការយកចិត្តទុកដាក់ និងការពារយ៉ាងល្អប្រសើរដល់ប្រជាជនឥណ្ឌូនេស៊ីដែលកំពុងធ្វើការក្នុងខេត្តស្វាយរៀង និងសំណូមដល់អាជ្ញាធរខេត្ត ជួយការពារបន្តទៀត។

ថ្លែងទៅកាន់ ឯកអគ្គរដ្ឋទូត នាឱកាសនោះ លោកអភិបាលខេត្តស្វាយរៀង បានបញ្ជាក់ជូនអំពីស្ថានភាពភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន៖ វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មជាដើម ជាពិសេសខេត្តបានក្លាយជាប្រភពការងារជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត ប្រមាណ១០ម៉ឺននាក់ លើវិស័យឧស្សាហកម្ម រោងចក្រ និងសេវាកម្មនានាជាច្រើនទៀត។

ទន្ទឹមនេះលោកអភិបាលខេត្តបានជម្រាបជូន អំពីស្ថានភាពបច្ចុប្បន្ន និងវិធីសាស្ត្រក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀង បានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសការសម្រេចបាននូវភាពស៊ាំសហគមន៍គ្រប់ដណ្ដប់ពេញលេញនៅទូទាំងខេត្ត តាមរយៈការចាក់ស្រោចវ៉ាក់សាំងយ៉ាងហោច ៣ដូស ជូនប្រជាពលរដ្ឋ និងកំពុងបន្តចាក់ដូសជំរុញ ដូសទី៤ និងដូសទី៥បន្ថែមទៀត ស្របតាមការដឹកនាំ និងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះលោក ម៉ែន វិបុល ក៏បានអរគុណលោកទូត ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកទស្សនកិច្ចក្នុងខេត្តស្វាយរៀងនាឱកាសនេះ ហើយក្នុងនាមរដ្ឋបាលខេត្ត សូមសម្ដែងការគាំទ្រចំពោះគម្រោងវិនិយោគនានា ដែលឥណ្ឌូនេស៊ី មានបំណងចង់មកបណ្តាក់ទុននៅខេត្តស្វាយរៀង នាពេលខាងមុខ ហើយចំពោះជនបរទេសទាំងអស់ រួមទាំងប្រជាជនឥណ្ឌូនេស៊ីផងដែរ ដែលកំពុងស្នាក់នៅ និងបម្រើការងារក្នុងខេត្តស្វាយរៀង គឺអាជ្ញាធរខេត្តយកចិត្តទុកដាក់បំផុតគាំពារ និងការពារសន្តិសុខសុវត្ថិភាពជូនពួកគាត់ជានិច្ច។

លោកអភិបាលខេត្ត ក៏មានសេចក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា បន្ទាប់ពីជំនួបជាមួយលោករដ្ឋទូតនៅថ្ងៃនេះ វិនិយោគិនឥណ្ឌូនេស៊ី នឹងអញ្ជើញមកវិនិយោគនៅក្នុងខេត្តស្វាយរៀង ខណៈដែលកន្លងមកមិនទាន់មានអ្នក វិនិយោគឥណ្ឌូនេស៊ី នៅក្នុងខេត្តស្វាយរៀងនៅឡើយទេ៕