(កំពង់ធំ)៖ លោកបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យកម្ពុជា។

ការអំពាវនាវនេះ ធ្វេីឡេីងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ក្នុងខេត្តកំពង់ធំ ដែលមានសមាជិកសមាជិកាចូលរួមប្រមាណ ជាង១៥០០នាក់។

លោក ជា ចាន់តូ បានលើកឡើងថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិជ្រើសរើស គណបក្សនយោបាយដែលខ្លួនពេញចិត្ត ហេីយការជ្រើសរើសគណបក្សនយោបាយ ដែលត្រឹមត្រូវមានន័យថា បានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែងគណបក្សប្រជាជន ត្រូវបានប្រជាពលរដ្ឋផ្តល់ សេចក្តីជឿទុកចិត្ត និងប្រគល់សម្លេងឆ្នោតឲ្យដឹកនាំប្រទេសជាតិជាង៣០ឆ្នាំកន្លងមក។

លោកបានបន្ដថា ក្នុងរយៈពេលនេះប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័នរូបវន្ត និងធនធានមនុស្ស ដើម្បីឲ្យមានការអភិវឌ្ឍបន្តទៀត ប្រជាពលរដ្ឋទាំងអស់ត្រូវទៅបោះឆ្នោត និងជ្រើសរើយកគណបក្សដែលមានគោលនយោបាយស្របជាមួយឆន្ទ:ប្រជាពលរដ្ឋ កាលៈទេសៈសង្គម ដើម្បីប្រជាជន រស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្តជារៀងរហូត។

លោកបានបន្ថែមថា បេក្ខភាពមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានជ្រើសរើស យ៉ាងយកចិត្តទុកដាក់បំផុត ពោលសុទ្ធសឹងជាមេឃុំ និងចៅសង្កាត់ ដែលគិតគូរសុខទុក្ខរបស់ពលរដ្ឋ និងលើកកម្ពស់ការអភិវឌ្ឍ នៅតាមឃុំសង្កាត់ ដែលខ្លួនដឹកនាំ។

លោក ជា ចាន់តូ បានអំពាវនាវដល់ប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតា បាចផ្កា ដែលមានលេខរៀងកំណត់ទៅតាមបណ្តាឃុំ និងសង្កាត់នីមួយៗ ដើម្បីទទួលបានមេឃុំ និងចៅសង្កាត់ ដែលបម្រើប្រជាពលរដ្ឋ គិតគូរសុខទុក្ខប្រជាពលរដ្ឋ ហើយជាគណបក្សដែលធំជាងគេនៅកម្ពុជា និងមានគោលនយោបាយដឹកនាំជាតិច្បាស់លាស់ ធានារក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ជូនប្រទេសប្រទេសជាតិ និងពលរដ្ឋ៕