(ស្វីស)៖ ខណៈដែលកំពុងតែដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងហ្សូរិច ប្រទេសស្វីស នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហោះរូបចៅៗចំនួន៣នាក់ មកជួបលេងសម្ដេចនៅទីនោះ ខណៈចៅម្នាក់ជាប់ប្រឡង។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពចៅៗទាំង៣នាក់ ពេលមកទទួលសម្តេចនៅព្រលានយន្តហោះ និងពិសារអាហារជាមួយគ្នាអមដោយខ្លឹមសារថា «ចៅ៣នាក់មកលេង ឯចៅម្នាក់ទៀតជាប់ប្រឡង»។

ជាការកត់សម្គាល់ រាល់ពេលដែលសម្តេចដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំធំៗ ក៏ដូចជាជួបជុំជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុប ចៅៗរបស់សម្តេចដែលកំពុងសិក្សានៅតាមបណ្តាប្រទេសទាំងនោះ តែងតែស្កាត់មកលេងសម្តេច ដើម្បីសួរសុខទុក្ខ និងចង់ជីតារបស់ខ្លួន។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូហោះចេញពីកម្ពុជា នៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ វត្តមានរបស់សម្តេចតេជោអញ្ជើញ ទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកសាស្រ្តាចារ្យ ក្លោស ឆ្វាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។

វត្តមានផ្ទាល់របស់សម្តេចតេជោនៅក្នុងកិច្ចប្រជុំនេះ គឺបានបង្ហាញអំពីកិត្យានុភាពរបស់កម្ពុជា និងការនាំមកនូវកិត្តិយសដ៏ធំធេងជាប្រវត្តិសាស្ត្រជូនកម្ពុជា៕