(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ នេត សាវឿន សន្ដិបណ្ឌិត ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានចូលរួមអបអរសាទរ និងចាត់ជាមោទនភាពជាតិដ៏ធំធេង ក្រោយកីឡាករបាល់ទះកម្ពុជា ទទួលបានមេដាយសំរិទ្ធិ ក្នុងការប្រកួត Sea Game លើកទី៣១ នៅក្នុងប្រទេសវៀតណាម បន្ទាប់ពីឈ្នះក្រុមបាល់ទះជម្រើសជាតិថៃ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នាយឧត្ដមសេនីយ៍ នេត សាវឿន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ខ្ញុំសូមកោតសរសើរ ដោយស្មោះចំពោះសមទ្ធផលថ្មី ជាប្រវត្តិសាស្ត្រ របស់ក្រុមកីឡាករបាល់ទះកម្ពុជាយើង ដែលទទួលបានមេដាយសំរិទ្ធិ ក្នុងការប្រកួត Sea Game លើកទី៣១ បន្ទាប់ពីបានយកឈ្នះក្រុមបាល់ទះជម្រើសជាតិថៃ៣-២សិត»

នាយឧត្ដមសេនីយ៍ នេត សាវឿន បានបន្ថែមទៀតថា «នេះគឺជាមោទនភាពជាតិដ៏ធំធេង ក្នុងវិស័យកីឡាបាល់ទះរបស់យើង ដែលបានមកពីការខិតខំប្រឹងប្រែងរបស់កីឡាកម្ពុជាយើង ដែលខ្ញុំសូមឆ្លៀតឱកាសនេះ ចូលរួមអបអរសាទរចំពោះ កីឡាករទាំងអស់ រួមទាំងគ្រូបង្វឹក អជ្ញារកណ្តាល ជំនួយការ និងប្រតិភូកីឡាករបាល់ទះកម្ពុជាយើងទាំងអស់ ចំពោះជោគជ័យដ៏ត្រចះត្រចង់នេះ»

ជាមួយគ្នានេះ នាយឧត្ដមសេនីយ៍ នេត សាវឿន ក៏សូមជូនពរក្រុមកីឡាករ និងប្រតិភូរបស់កម្ពុជា ដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អបរិបូរណ៍ និងសូមខិតខំហ្វឹកហាត់បន្តទៀត ដើម្បីឈានទៅដណ្តើមមេដាយមាស នៅ Sea Game លើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំក្រោយនេះ។

សូមជម្រាបថា អត្តពលិកកម្ពុជា ក្រុមកីឡាករបាល់ទះក្នុងសាលផ្នែកបុរស ឈ្នះមេដាយសំរឹទ្ធ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយយកឈ្នះក្រុមថៃ ៣សិតទល់ ២សិត ខណៈដែលកាលពីប្រកួត ក្នុងពូលក្រុមកម្ពុជា ចាញ់ថៃ ៣សិតទល់ ២សិត ក្នុងកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២៕