(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការហែក្បួនឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃដំបូងនេះ បានដំណើរការទៅដោយរលូន គ្មានអំពើហិង្សា និងការប៉ះទង្គិចគ្នាឡើយ។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា៖ «អ្វីដែលយើងមើលឃើញក្នុងព្រឹត្តិការណ៍ថ្ងៃនេះ គឺអាចវាយតម្លៃបានថា ជាថ្ងៃឃោសនាទី១ ដែលផ្ដល់នូវភាពជាគំរូ សម្រាប់ការឃោសនានៅថ្ងៃស្អែក ឬក៏ខានស្អែកបន្តបន្ទាប់ទៀត ព្រោះថា ទី១. មិនមានពាក្យបណ្ដឹង ហើយទី២. តាមរបាយការណ៍គឺមិនមានការប៉ះទង្គិចគ្នា រវាងក្បួនហែទាំងឡាយ ហើយសកម្មភាពហិង្សារំលោភបំពានអី ក៏មិនមានដែរ»

យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ បានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ នៅមូលដ្ឋាននានាក្នុងប្រទេសកម្ពុជា ខណៈដែលមាន គណបក្សនយោបាយចំនួន១៧ បានដាក់ពាក្យចូលរួមប្រកួតប្រជែងយកសន្លឹកឆ្នោត។

អ្នកនាំពាក្យ គ.ជ.ប បានចាត់ទុកថា យុទ្ធនាការឃោសនានៅថ្ងៃដំបូងនេះដំណើរការទៅដោយរលូន ប្រកបដោយសុខសន្តិភាព និងសណ្ដាប់ធ្នាប់ ដែលកត្តានេះកើតឡើងដោយសារការរួមផ្សំរវាងភាពចាស់ទុំនៃគណបក្សនយោបាយ ក្នុងកាចូលរួមសកម្មភាពឃោសនា ដោយមានការប្រយ័ត្នប្រយែង និងការទទួលខុសត្រូវក្នុងការហែក្បួនរបស់ខ្លួន ព្រមទាំងការចូលរួមចំណែកពីអាជ្ញាធរដែនដី និងសមត្ថកិច្ច។

បើតាម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ, នៅថ្ងៃដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នេះ មានគណបក្សនយោបាយ១៥ បានចូលរួម ដែលមានសមាជិកសរុបប្រមាណជិត៧០ម៉ឺននាក់ បានប្រមូលផ្តុំគ្នា និងដង្ហែក្បួនឃោសនាទៅតាមទីកន្លែងនានា នៅទូទាំងប្រទេស។

លោកបានបញ្ជាក់ថា៖ «យុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទីមួយនេះ បានដំណើរការប្រកបដោយបរិយាកាសល្អប្រសើរពុំមានអ្វីគួរកត់សម្គាល់»។

នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក្នុងថ្ងៃដំបូងនេះ មានគណបក្សនយោបាយចំនួន ៤ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយចំនួន ២ បានហែក្បូនជាទ្រង់ទ្រាយធំ គឺគណបក្សប្រជាជនកម្ពុជា ដែលមានអ្នកចូលរួមប្រមាណ ៤ម៉ឺននាក់ និងគណបក្សភ្លើងទៀន ដែលមានអ្នកចូលរួមប្រមាណ ១.៥០០នាក់ រីឯគណបក្សចំនួន ២ ទៀត គឺ គណបក្សខ្មែររួបរួមជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើសកម្មភាពហែក្បួនឃោសនា ចាក់មេក្រូចល័ត ចែកខិត្តប័ណ្ណនៅតាមសង្កាត់មួយចំនួនដែលខ្លួនបានចុះបញ្ជីបេក្ខជន។ នេះបើតាមសេចក្តីប្រកាសរបស់ គ.ជ.ប។

ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ មានរយៈពេល ២សប្តាហ៍នឹងបិទបញ្ចប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ ដោយឡែកការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧៖០០ព្រឹក រហូតដល់ម៉ោង ៣៖០០រសៀល។

បើតាមអ្នកនាំពាក្យ គ.ជ.ប នៅក្នុងការហែក្បួនឃោសនាបោះឆ្នោតនេះ មានលក្ខខណ្ឌសំខាន់ៗមួយចំនួនក្នុងនោះមានដូចជា សាមីគណបក្សដែលចង់ឃោសនាពេលណាកន្លែងណា ត្រូវជូនដំណឹងទៅគ.ជ.ប ៣ថ្ងៃមុន, មិនអនុញ្ញាតឱ្យហែក្បួនចាប់ពីម៉ោង១០យប់ដល់ម៉ោង៦ព្រឹកដែលជាពេលវេលាសម្រាកឡើយ, ការឃោសនាវេលាថ្ងៃត្រង់ចាប់ពីម៉ោង១២ដល់ម៉ោង២ មិនឱ្យប្រើឃោសនស័ព្ទទេ, មិនអនុញ្ញាតឱ្យហែក្បួនទៅជិតសាលារៀន និងមន្ទីរពេទ្យក្នុងម៉ោងសិក្សា និងធ្វើការ។

លោកបានបន្តថា ការឃោសនារបស់បក្សមួយក៏ចៀសវាងប្រើប្រដាប់បំពងសំឡេងលុបទៅលើឃោសនស័ព្ទគណបក្សផ្សេងទៀត ឬចៀសវាងប្រើកិត្តិនាមព្រះមហាក្សត្រ និងការបិទខិត្តបណ្ណខ្លួនលើគណបក្សផ្សេង ឬហែកខិត្តបណ្ណបក្សផ្សេងត្រូវហាមឃាត់។ ដោយឡែកការឃោសនាក្នុងផ្សារមិនអនុញ្ញាតឱ្យប្រើប្រដាប់បំពងសំឡេងទេ អនុញ្ញាតត្រឹមតែចែកខិត្តបណ្ណ ហើយអនុញ្ញាតឱ្យចូលត្រឹម១០នាក់ប៉ុណ្ណោះសម្រាប់បក្សមួយ ហើយត្រូវសុំអនុញ្ញាតពីគណៈគ្រប់គ្រងផ្សារជាដើម។ សម្រាប់ការឃោសនាដោយប្រើវោហាសាស្ត្រញុះញង់ គំរាមកំហែង បំផិតបំភ័យ ឬការទិញសន្លឹកឆ្នោតជាដើម ក៏ត្រូវបានហាមឃាត់ដែរ៕