(ព្រះវិហារ)៖ លោក ជា សែ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយមានការចូលរួមពីសមាជិកសមាជិកាបក្សទូទាំងឃុំក្នុងស្រុកសរុប៣២០៨នាក់ ដោយប្រើប្រាស់រថយន្ត១៤៣គ្រឿង រថយន្តធំ១១គ្រឿង គោយន្ត៦០គ្រឿង និងម៉ូតូ៩៨៣គ្រឿង។

ថ្លែងនៅចំពោះមុខសមាជិកគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នាឱកាសនោះ លោក ជា សែ បានចាត់ទុកការឃោសនាបោះឆ្នោតនៅពេលនេះ គឺជាដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយកន្លងមកកម្ពុជា បានរៀបចំការបោះឆ្នោតជាច្រើនលើកមកហើយ ដែលស្ថានភាពនេះមិនដូចជាការរិះគន់ពីក្រុមអ្នកនយោបាយខ្លះថា ប្រទេសកម្ពុជាមិនមានប្រជាធិបតេយ្យនិងគោរពសិទ្ធមនុស្សនោះទេ។

លោកក៏បានមានប្រសាសន៍បន្តថា សម្រាប់គណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទ្វេឡើង បន្ទាប់ពីបានរំដោះប្រជាពលរដ្ឋពីការកាប់សំលាប់របស់ របបខ្មែរក្រហម ពោលយើងបានផ្លាស់ប្ដូពីប្រទេសដែលក្រីក្រ មកជាប្រទេសដែលមានការអភិវឌ្ឍន៍រីកចម្រើន និងប្រកាន់យករបបប្រជាធិបតេយ្យ ប្រទេសជាតិមានសុខសន្តិភាព។

លោក ជា សែ បានថ្លែងបន្តថា ប្រទេសកម្ពុជាសព្វថ្ងៃដែលដឹកនាំរាជរដ្ឋាភិបាលដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ កំពុងតែមានមុខមាត់នៅលើឆាកអន្តរជាតិ ខណៈដែលបច្ចុប្បន្នកម្ពុជា គឺជាប្រធានអាស៊ាន ជាពិសេសនៅក្នុងការធ្វើសង្រ្គាមជាមួយជំងឺកូវីដ១៩ ប្រទេសកម្ពុជាយើងបានប្រយុទ្ធបានជោគជ័យ ដោយជាប់ចំណាត់ថ្នាក់លេខ២ក្នុងចំណោមប្រទេសជាង២០០។ ភាពជោគជ័យនេះគឺមិនមែនកើតមានឡើង ដោយចៃដន្យនោះទេ វាកើតឡើងដោយសារតែរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាមានមេដឹកនាំឈ្លាសវៃដោយបានដាក់ចេញនូវយុទ្ធសាស្រ្តច្បាស់លាស់និងត្រឹមត្រូវ។

ជាមួយគ្នានេះដែរលោក ជា សែ បានថ្លែងអំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាតទៅទៀត ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍មូលដ្ឋានរបស់បងប្អូន ប្រជាពលរដ្ឋអោយកាន់តែរីកចម្រើនថែមទៀត ជាពិសេសដើម្បីថែរក្សាសុខសន្តិភាពប្រទេសអោយកាន់តែយូអង្វែងទៅមុខទៀត។ លោកបញ្ជាក់ទៀតថា សមាជិកម្នាក់គឺសន្លឹកឆ្នោតមួយសន្លឹក ឆ្នោតបោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនថែមទៀត៕