(កណ្តាល)៖ លោក នុត ពុធដារ៉ា ប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជាមួយការចូលរួមពីសមាជិកសមាជិការាប់ពាន់នាក់។

ស្ថិតក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានថ្លែងថា គណបក្សប្រជាជនកម្ពុជាបានរួមសុខរួមទុក្ខជាមួយប្រជាជនពុះពាររាល់ឧបសគ្គ ហ៊ានធ្វើពលិកម្មមិនរួញរា និងបានឆ្លងកាត់ដំណាក់កាលធំៗនៃប្រវត្តិសាស្ត្រ របស់ជាតិប្រកបដោយវីរៈភាព ជាពិសេសបានសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពតដ៏សាហាវយង់ឃ្នងរហូតទទួលបានជ័យជម្នះនៅថ្ងៃរំដោះ ៧ មករា ១៩៧៩ រួចបន្តស្ដារ កសាង បង្រួបបង្រួមជាតិនិងទឹកដីឱ្យឯកភាពស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយរួចបន្តអភិវឌ្ឍក្នុងសន្តិភាពនាបច្ចុប្បន្ន។

លោកបានបន្តថា «គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្ស បានបន្តសង្គ្រោះអាយុជីវិតយើងទាំងអស់គ្នាជាលើកទី២ ពីរណ្ដៅមរណនៃជំងឺកូវីដ១៩ ដូច្នេះយើងទាំងអស់គ្នាជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ សូមប្ដេជ្ញាយ៉ាងមុតមាំ ពុះពារជម្នះរាល់ឧបសគ្គ ត្រូវនាំជ័យជម្នះជាដាច់ខាតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥នេះ និងការបោះឆ្នោតជាបន្តបន្ទាប់ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍនៅមូលដ្ឋានឃុំ នៃប្រទេសកម្ពុជាយើងជានិច្ចនិរន្តន៍»

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ នៅមូលដ្ឋាននានាក្នុងប្រទេសកម្ពុជា។ ការឃោសនានេះមានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

ដោយឡែកការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល៕