(តាកែវ)៖ លោក សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ បានថ្លែងថា ការបោះឆ្នោតជូនគណបក្សប្រជាជនមកម្ពុជា គឺមានតម្លៃស្មើនឹងបោះឆ្នោតរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាត

លោកថ្លែងបែបនេះ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ពេលជួបសំណេះសំណាលជាមួយសមាជិកបក្ស នៅភូមិស្គុល ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ខណៈពេលដែលយុទ្ធនាការឃោសនាបោះឆ្នោត បានចាប់ផ្ដើម។

នៅក្នុងឱកាសជួបជុំសមាជិកបក្ស ក្រុមការងារការិយាល័យបោះឆ្នោត បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ លោក សុខ ពុទ្ធិវុធ បានលើកឡើងពីកិច្ចប្រឹងប្រែងដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដោយធ្វើយ៉ាងណារក្សាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រិះនៃការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

លោក សុខ ពុទ្ធិវុធ បានលើកឡើងថា សមាជិកគណបក្សក៏ដូចជាប្រជាពលរដ្ឋបានដឹងហើយថា ស្ថានភាពពិភពលោកបច្ចុប្បន្ន ជាពិសេសសង្រ្គាមរវាងប្រទេសរុស្ស៉ី និងអ៊ុយក្រែន នាំឲ្យប្រទេសជាតិខ្ទេចខ្ទាំ ប្រជាពលរដ្ឋរាប់លាននាក់នាំគ្នាជំលៀសទៅប្រទេសជិតខាង អាយុជីវិតប្រជាពលរដ្ឋស្លាប់រាប់ពាន់នាក់ដោយសារតែសង្រ្គាម។

នៅក្នុងឱកាសនោះលោក សុខ ពុទ្ធិវុធ បានធ្វើការអំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ និងប្រជាពលរដ្ឋត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា។ លោកថា ការបោះឆ្នោតជូនគណបក្សប្រជាជនមកម្ពុជា គឺមានតម្លៃស្មើនឹងបោះឆ្នោតរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត៕