(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ និងលោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជិត៨០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោត ដែលជាថ្ងៃដំបូងបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥។

លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានរំដោះប្រជាជនយើង ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឱ្យប្រទេសជាតិមានសន្តិភាព មានស្ថិរភាព មានសេរីភាពមានការអភិវឌ្ឍ មានភាពរីកចម្រើនលើគ្រប់វិស័យទាំងអស់នេះ ដូច្នេះថ្ងៃនេះជាថ្ងៃបើកយុទ្ធនាការឃោសនា បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២។ ហើយដើម្បីអបអរថ្ងៃបើកយុទ្ធនាការឃោសនា សមាជិកាសមាជិកាបក្សជួបជុំគ្នាដង្ហែក្បួនឃោសនារកសម្លេងឆ្នោតនៅពេលនេះ គឺបានបង្ហាញអំពីការរួមនៃកម្លាំង សាមគ្គី ដែលកើតចេញពីសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជា ហើយក៏ជាការបង្ហាញឲ្យឃើញនូវឧត្ដមភាព កិត្យានុភាពរបស់សមាជិកសមាជិកា ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធនានា ឲ្យយល់ និងឃើញច្បាស់ អំពីកំលាំងសាមគ្គីដែលគណបក្សប្រជាជនកម្ពុជា បាននាំមកនូវភាពជោគជ័យ ដែលស្ដែងចេញពីមូលដ្ឋាននៅក្នុងថ្ងៃនេះ។

លោកបណ្ឌិត ម៉ា ឈឿន បានបន្ថែមថា មានតែគណបក្សប្រជាជនមួយគត់ ដែលធ្វើឲ្យប្រជាជនទូទាំងប្រទេសស្គាល់នៅសន្តិភាពសេរីភាពសុភមង្គលក្នុងគ្រួសារ និងមានការអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ និងការពារនៅអាយុជីវិតប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ លោកបានថ្លែងថា មានតែជនអគតិទេ ដែលចង់បង្កើតបដិវត្ដន៍ពណ៌ បំផ្លាញសន្ដិភាពនៅកម្ពុជា យើងទាំងអស់គ្នាប្ដេជ្ញាប្រឆាំងដាច់ខាត គ្រប់រូបភាព ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែប្រឆាំងចំពោះបដិវត្ដន៍ពណ៌ និងជម្នះការពារដាច់ខាច ចំពោះសន្ដិភាពមួយនេះ សម្រាប់ប្រទេសជាតិឱ្យបានគង់វង្ស។

លោកក៏បានផ្ដាំផ្ញើដល់សមាជិកសមាជិកាទាំងអស់ ដែលចូលរួមដង្ហែក្បួនចាំបាច់ត្រូវគោរព ឱ្យបានសមស្របទៅតាមលក្ខន្តិកៈ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលបានណែនាំ ជាពិសេសសូមរក្សានូវភាពថ្លៃថ្នូរ វិន័យ និងការគោរពទៅតាមច្បាប់ដែលបានកំណត់ ជៀសវាងការកើតនូវអំពើហិង្សាណាមួយ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសដល់គណបក្សប្រជាជនកម្ពុជា។

នៅក្នុងពិធីបើកយុទ្ធនាការឃោសនាឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ តំណាងរាស្ដ្រ ម៉ា ឈឿន និងលោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី បានសម្តែងនូវមនោសញ្ជេតនា រំភើបរីករាយក្រៃលែងចំពោះវត្តមានរបស់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនទាំងឡាយ ដែលបានមកជួបជុំយ៉ាងច្រើនកុះករនាពេលនេះ ដើម្បីសម្តែងនូវឆន្ទះគាំទ្រយ៉ាងក្លៀវក្លា ត្រៀមគ្រប់លក្ខណៈសម្បត្តិដើម្បីចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា ធានាបានសុខសន្តិភាព និងការអភិវឌ្ឍឃុំ-សង្កាត់៕