(កណ្ដាល)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកល្វាឯម ខេត្តកណ្ដាល ដោយមានការចូលរួមពីសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាជាច្រើនម៉ឺននាក់។

ក្នុងឱកាសនោះ លោក គង់ វិបុល បានថ្លែងថា ថ្ងៃនេះ គឺជាទិវាដ៏មហានក្ខត្តឬក្ស នៃការចាប់ផ្តើមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទូទាំងប្រទេស ដោយឡែកស្រុកល្វាឯម ដែលជាព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រ ដ៏មានសារៈសំខាន់សម្រាប់ប្រជាជនយើង។

លោកសូមសម្តែងនូវមនោសញ្ជេតនា រំភើបរីករាយក្រៃលែងចំពោះវត្តមានបងប្អូន សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា មកពីឃុំទាំង១៥ ក្នុងស្រុក និងអ្នកគាំទ្រគណបក្សប្រជាជនទាំងឡាយ ដែលបានមកជួបជុំយ៉ាងច្រើន កុះករនាពេលនេះ ដើម្បីសម្តែងនូវឆន្ទះគាំទ្រយ៉ាងក្លៀវក្លា ត្រៀមគ្រប់លក្ខណៈសម្បត្តិដើម្បីចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា ធានាបានសុខសន្តិភាព និងការអភិវឌ្ឍឃុំ-សង្កាត់ របស់យើង។

លោកក៏សូមសម្តែងការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនជនរួមជាតិនៅគ្រប់ទិសទីដែលបានផ្តល់ការគាំទ្រពេញទំហឹងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងលោក ធ្វើឲ្យគណបក្ស ក៏ដូចរូបលោកផ្ទាល់អាចបំពេញភារកិច្ចជូនប្រទេសជាតិ និងប្រជាជនប្រកបដោយជោគជ័យតាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍រហូតមកដល់ដំណាក់កាលអភិវឌ្ឍន៍ក្នុងសន្តិភាពនាបច្ចុប្បន្ន។

លោកថា រយៈពេល៤៣ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ មក គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិពុះពារឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ឱ្យឈានទៅមុខនៅលើផ្លូវដ៏ត្រឹមត្រូវដែលឆ្លើយតបទាំងស្រុងទៅនឹងគោលបំណងប្រាថ្នារបស់ប្រជាជន សម្រេចបានសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ។

លោក គង់ វិបុល បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខសាន្ត ក្រោមម្លប់នៃសន្តិភាព និងការឯកភាពជាតិ ហើយរួមសាមគ្គីគ្នាជាធ្លុងមួយខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្ត ដើម្បីអភិវឌ្ឍសង្គមជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន។

នៅក្នុងដំណើររីកចម្រើនរបស់ជាតិនេះ ការអនុវត្តគោលនយោបាយដើម្បីអភិវឌ្ឍឃុំ សង្កាត់ឆ្នាំ២០១៧-២០២២ បានទទួលលទ្ធផលដ៏ល្អប្រសើរដែលធ្វើឲ្យគ្រប់ឃុំ-សង្កាត់ សុទ្ធតែមានការប្រែប្រួលថ្មី។ ភូមិ ឃុំ សង្កាត់ កាន់តែមានសុវត្ថិភាព, ជីវភាពប្រជាជនកាន់តែបានលើកកម្ពស់, លទ្ធិប្រជាធិបតេយ្យចាក់ឬសកាន់តែជ្រៅក្នុងមូលដ្ឋាន, សិទ្ធិ សេរីភាពរបស់ប្រជាជនត្រូវបានគោរព និងការពារយ៉ាងម៉ឺងម៉ាត់។

ប្រជាជនគ្រប់ៗរូប បានទទួលផលប្រយោជន៍ពីគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ទាំងក្នុងការបង្កើត និងពង្រីកមុខរបរ និងការងារ, ការជំរុញវិស័យកសិកម្ម, ការមិនយកពន្ធលើដីកសិកម្មដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ, ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ក្នុងឃុំសង្កាត់, ការពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការប្រើប្រាស់ទឹកស្អាតនិងថាមពលអគ្គិសនី -ល-។ នេះជាការបញ្ជាក់បន្ថែម របស់លោក គង់ វិបុល។

លោកបន្ដថា ព្រមជាមួយនេះ ក្នុងពេលប្រទេសជាតិត្រូវរងគ្រោះដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ប្រជាជននៅគ្រប់មូលដ្ឋានបានទទួលការចាក់វ៉ាក់សាំងការពារដោយឥតគិតថ្លៃ និងបានទទួលការជួយគាំពារ និងឧបត្ថម្ភពីរាជរដ្ឋាភិបាលទាន់ពេលវេលាដែលបានការពារអាយុជីវិតប្រជាជន ធ្វើឱ្យជីវភាពប្រជាជនមានលំនឹង និងប្រកបមុខរបរបានជាធម្មតា។

ជាមួយគ្នានេះ លោក គង់ វិបុល ក៏អំពាវនាវជូនបងប្អូន សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងឡាយ ក្នុងស្រុកល្វាឯម និង ទូទាំងខេត្ត សូមប្រកាន់ខ្ជាប់ និងប្រតិបត្តិឲ្យបានត្រឹមត្រូវ នូវក្រមសីលធម៌ទាំងឡាយ ដែលមានចែងនៅក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ផងដែរ។

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសជួបសំណេះសំណាល ជាមួយគ្រួសារបក្សចំនួន ១៤,៦៣៩គ្រួសារ លោក គង់ វិបុល បានឧបត្ថមថវិកាក្នុងមួយគ្រួសារ ២០,០០០រៀល សរុបស្មើនឹង ២៩២,៧៨០,០០០រៀល និងបានជួបជាមួយសមាជិកគណបក្សសរុប ៣៨,១៣៦នាក់ បានឧបត្ថមថវិកា ក្នុងមួយនាក់ ២០,០០០រៀល សរុបថវិកា ៧៦២,៧២០,០០០រៀល សរុបទាំងអស់ស្មើថវិកា ១០៥៥,៥០០,០០០រៀល៕