(កំពង់ឆ្នាំង)៖ ពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ ស្ថិតក្រោមអធិបតីភាពលោក ប៉ែន សំបូរ តំណាងលោក សូ ស៊ីនួន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំឆ្នុកទ្រូ និងលោកស្រី ហ៊ិន សារ៉ាវី-សូ ស៊ីនួន រួមនឹងអស់លោក លោកស្រី អ្នកនាង កញ្ញាក្រុមការងារថ្នាក់ខេត្ត /ស្រុក/ ឃុំ/ ភូមិ និងសមាជិកគណបក្សមូលដ្ឋាន ចូលរួមសរុបចំនួន៣២៥នាក់ (ស្រីចំនួន៤៣នាក់)។

ពិធីនេះ ប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ កក់ក្តៅ និងស្នឹទ្ធស្នាលក្រៃលែង ដែលរៀបចំធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា មានគណបក្សចំនួន១៧ ដែលស្នើសុំធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅតាមមូលដ្ឋាន ហើយគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ក៏បានសហការជាមួយអាជ្ញាធរ រៀបចំតម្រាយផ្លូវ និងបែងចែកពេលវេលា ដើម្បីចៀសវាងបញ្ហាប៉ះគ្នាជាដើម។

គ.ជ.ប បានបញ្ជាក់ថា ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានបំណងឲ្យគណបក្សនយោបាយដែលបានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់ដល់អ្នកបោះឆ្នោត៕