(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្នាធ្នង់ និងគណៈកម្មាធិការគណបក្សឃុំថ្នាធ្នង់ បានប្រកាសបញ្ចូលអ្នកស្រី សុក សាវង់ បេក្ខជនបម្រុងលេខរៀងទី៣របស់គណបក្សភ្លើងទៀន ក្រោយអ្នកស្រីបានដាក់ពាក្យពាក្យលាឈប់ពីបក្ស និងស្ម័គ្រចិត្តសុំមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីប្រកាសទទួលស្គាល់អ្នកស្រីជាសមាជិកគណបក្សប្រជាជននេះ បានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំថ្នាធ្នង់ ស្រុករំដួល នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ។

អ្នកស្រី សុក សាវង់ បានថ្លែងថា ដោយសារការមើលឃើញពីស្នាដៃ សមិទ្ធផលការងាររបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនប្រជាជនកម្ពុជា ទើបគាត់បានជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

គាត់សារភាពថា កន្លងមកគាត់ចាញ់បោកការញុះញង់ របស់គណបក្សភ្លើងទៀន ដែលតែងតែដើរសន្យាខ្យល់ ទើបសម្រេចចិត្តចូលរួមគាំទ្រគណបក្ស ព្រមទាំងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូតចាប់ពីពេលនេះទៅ។

សូមជម្រាបថា មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងឈានចូលមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ បេក្ខជន និងសមាជិករបស់គណបក្សភ្លើងទៀន បានដាក់ពាក្យសុំលាលែង និងចាកចេញពីគណបក្ស នេះជាបន្ដបន្ទាប់ ហើយភាគច្រើនបានដាក់ពាក្យសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត និងដឹកនាំប្រទេសទទួលបានភាពរីកចម្រើន អភិវឌ្ឍន៍ជាបន្ដបន្ទាប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

នៅក្នុងឱកាសនោះ លោក តូច ប៉ូលីវ៉ា បានផ្តាំផ្ញើដល់សមាជិកបក្សទាំងអស់ ត្រូវខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំ ឃោសនាផ្សព្វផ្សាយអំពីកម្មវីធីនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋនានា ដោយត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្សជានិច្ច និងការជួយគ្នាទៅវិញទៅមក និងត្រូវខិតខំរៀនសូត្រលើកកម្ពស់ សមត្ថភាពទាំងគុណធម៌ សីលធម៌ដើម្បីសម្រេចភារកិច្ចជូនសង្គមជាតិ៕