(កំពត)៖ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ ក្នុងវត្តឧត្តមគិរីសុវណ្ណមុនីរស្មី ហៅវត្តភ្នំតូច ស្ថិតនៅភូមិប្រីយ៍ពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។

លោក ស៊ីវ ផេង អភិបាលស្រុកដងទង់ បានលើកឡើងក្នុងរបាយការណ៍ថា បន្ទាប់ពីមានសន្តិភាព ស្រុកមានការអភិវឌ្ឍន៍ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ ក្នុងនោះផ្នែកពុទ្ធចក្រ ស្រុកមានវត្តចំនួន២៧វត្ត មានព្រះសង្ឃ១៩៧ព្រះអង្គ ដោយឡែកវត្តសុវណ្ណគិរីមុនីរស្មី ហៅវត្តថ្លុកថ្លុង ចាប់ផ្តើមស្ថាបនា នៅឆ្នាំ២០០៤ មានសាលាធម្មសភា ១ខ្នង កុដឈើ១ខ្នង កុដសង់ផ្ទាល់ដី១ខ្នង ខ្ចុះចំនួន៥ បង្គោលផ្លើងសួនច្បារ រោងជ័យមុនី១ខ្នង និងបានកសាងផ្លូវជុំវិញវត្ត និងបានសាងសង់ព្រះវិហារថ្មីមួយខ្នង ដែលដាក់សម្ភោធ និងបញ្ចុះសីមានៅថ្ងៃនេះ។

នាឱកាសនោះ លោកអភិបាលខេត្តបានថ្លែងថា សន្តិភាពធ្វើឲ្យកម្ពុជារីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ហើយប្រទេសកម្ពុជា ផ្នែកពុទ្ធចក្រ និងអាណាចក្រមិនអាចកាត់ផ្តាច់ពីគ្នាបានទេ អ្វីដែលសំខាន់ដែលធ្វើឲ្យផ្នែក ទាំងពីរនេះ មានការអភិវឌ្ឍន៍រីកចម្រើនទៅបាន គឺអាស្រ័យលើកត្តាសន្តិភាព។ ជាក់ស្តែង កម្ពុជាបន្ទាប់ពីមានសុខសន្តិភាព ផ្នែកពុទ្ធចក្រនិងអាណាចក្រ មានភាពរីកចម្រើនគួរឲ្យមោទនៈបំផុត។

លោក ម៉ៅ ធនិន បន្តថា «សន្តិភាពមានគុណតម្លៃលើសជីវិត សន្តិភាពគឺជាក្តីសង្ឃឹម និងអនាគតរបស់មនុស្សជាតិ និងប្រទេសជាតិ ប៉ុន្តែសន្តិភាពមិនមែនចេះតែអាច ស្វែងរកមកបានដោយងាយៗនោះទេ។ ជាក់ស្តែងកម្ពុជាយើង សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងងប្រែង លះបង់គ្រប់បែបយ៉ាង ដោយយកជីវិតធ្វើជាដើមទុន ដើម្បីតែបុព្វហេតុសន្តិភាព ព្រោះសម្តេចមានចក្ខុវិស័យវែងឆ្ងាយ ហើយមើលឃើញថា មានតែកត្តាសន្តិភាពមួយគត់ ទើបជាគ្រិះដ៏រឹងមាំ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋរបស់ខ្លួនបាន»។

បន្ទាប់ពីកម្ពុជា មានសន្តិភាពពេញផ្ទៃប្រទេស កំណើនសេដ្ឋកិច្ចបានកើនឡើងជាលំដាប់ ក្នុងកម្រិត ៧ភាគរយក្នុងមួយឆ្នាំ កម្ពុជាបានប្រែក្លាយពីប្រទេសក្រីក្រ ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបហើយតាមការព្យាករណ៍ នៅឆ្នាំ២០៣០ខាងមុខ នឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ខណៈដែលបច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ផ្លូវ ទឹក ភ្លើង ពិសេសធនធានមនុស្ស ត្រូវបានពង្រីក បង្កើន សមត្ថភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។

ទន្ទឹមគ្នានោះ ផ្នែកពុទ្ធចក្រ ក៏បានដើរតួនាទីសំខាន់ក្នុងការជួយតម្រង់ទិស និងជាចំណែកសំខាន់មួយ ជំរុញដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រោះក្រោមការដឹកនាំរបស់សម្តេចតេជោ តែងជឿទៅលើបុណ្យ បាប ជឿលើកម្ម ផល និងរក្សាបាននូវគុណធម៌ ព្រហ្មវិហារធម៌ក្នុងគោលនយោបាយដឹកនាំ ដើម្បីបម្រើប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិ រហូតសម្រេចបានសមិទ្ធផលជាច្រើនដូចសព្វថ្ងៃនេះ៕