(បាត់ដំបង)៖ ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តបាត់ដំបងដោយ លោក ជុំ ស ជាប្រធានសាលាដំបងថ្មី ជំនួសលោក ជា វណ្ណ: ប្រធានចាស់ ត្រូវផ្លាស់ទៅជាប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅសាលាដំបូងខេត្តបាត់ដំបង។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងប្រតិភូអមដំណើរ និងមានចូលរួមពីលោក សម ប៊ុនថុន ប្រធានសាលាឧទ្ធរណ៍ លោក នួន សាន អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង, ប្រធានសាលាដំបូងខេត្តនានា ចៅក្រម ព្រះរាជអាជ្ញាមួយចំនួន និងមន្រ្តីរាជការក្រឡាបញ្ជីសាលាដំបូងខេត្តបាត់ដំបងទាំងអស់ចូលរួមផងដែរ។

លោក កើត រិទ្ធ បានថ្លែងថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំមន្រ្តីរាជការ គឺមានជាទូទៅជាធម្មតាទៅតាមអណត្តិនីមួយៗ ហើយក៏បានថ្លែងអំណរគុណដល់លោកប្រធានសាលាដំបូង ខេត្តបាត់ដំបង ដែលបានធ្វើការដោះស្រាយបញ្ហាកកសំណុំរឿងបានល្អប្រសើរ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានរំលឹកពីការកសាងច្បាប់លើគ្រប់វិស័យឲ្យមានគ្រប់គ្រាន់ និងអនុវត្តច្បាប់តាមរយ:មន្រ្តីនគរបាលយុត្តិធម៌គ្រប់មជ្ឍដ្ឋាននិងតាមផ្លូវតុលាការផង។ ការកែទម្រង់ច្បាប់មាន ២ចំណុចសំខាន់ៗក្នុងវិស័យយុត្តិធម៌មាននៅក្នុងប្រព័ន្ធតុលាការ និងតាមរយ:មន្រ្តីអនុវត្តច្បាប់គឺមន្រ្តីនគរបាលយុត្តិធម៌។

លោក កើត រិទ្ធ បានបន្ថែមថា ដើម្បីពង្រឹងច្បាប់ឲ្យបានល្អ គឺត្រូវកែទម្រង់រើសបុគ្គលមានចំណេះវិជ្ជាធនធានមនុស្សបណ្តុះបណ្តាលបន្ថែម និងត្រូវមានក្រមសីលធម៌វិជ្ជាជីវ:របស់បុគ្គលម្នាក់ៗធ្វើឲ្យបានល្អគឺចាំបាច់បំផុត និងលើកកម្ពស់គុណភាពនៃការកាត់ក្តីរបស់តុលាការ។

លោកបន្តថា «កន្លងមកក៏ដូចជាបច្ចុប្បន្ន យើងមានមណ្ឌលយុត្តិធម៌នៅតាមក្រុង ស្រុក ដោយមានមុខងារជួយដោះស្រាយទំនាស់ផ្សេងៗក្រៅប្រព័ន្ធតុលាការ គឺបានជួយសម្រាល និងកាត់បន្ថយសំណុំរឿងមានច្រើន នៅតាមសាលាដំបូងខេត្តផងដែរ»

ពាក់ព័ន្ធទៅនឹងការកែទម្រង់ច្បាប់តាមប្រព័ន្ធតុលាការនិងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋជាដើមបណ្តឹងនិងចុងបណ្តឹង ជួបការលំបាកក្នុងការចុះឡើងមានសភាពឆ្ងាយក្នុងការសោហ៊ុយធ្វើដំណើរ។ ដើម្បីការកាត់បន្ថយភាពលំបាកនេះហើយ ទើបរាជរដ្ឋាភិបាល ពិសេសក្រសួងយុត្តិធម៌ បានបង្កើតសាលាឧទ្ធរណ៍ថ្នាក់តំបន់បង្ខិតសេវាច្បាប់ ឲ្យនៅជិត ប្រជាពលរដ្ឋបំផុតសម្រាប់គាត់ត្រូវការរកសេវ៉ាច្បាប់ជួយដោះស្រាយ។

លោក កើត រិទ្ធ បានផ្តាំផ្ញើដល់ចៅក្រមព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលាទាំងអស់ បន្តធ្វើការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌផ្សេងៗ ធ្វើឲ្យបានល្អ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន និងមន្រ្តីក្រោមឱវាទឲ្យមានគុណភាព មានក្រមសីលធម៌វិជ្ជាជីវ:ឲ្យបានល្អត្រឹមត្រូវបំផុត និងធ្វើឲ្យប្រជាពលរដ្ឋយើងមានទំនុកចិត្តខ្ពស់៕