(សៀមរាប)៖ គោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ គឺជាគោលដៅដែលអាចសម្រេចបាន ប្រសិនបើរាជរដ្ឋាភិបាល សហគមន៍ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ធ្វើការរួមគ្នា និងពន្លឿនការគាំទ្រដល់វិស័យសកម្មភាព មីននៅកម្ពុជា។ នេះជាការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ជាសហប្រធានដឹកនាំវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីសកម្មភាពមីន (High Level Dialogue on Mine Action) ជាមួយ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដែលបានប្រព្រឹត្តិទៅនៅខេត្តសៀមរាប នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់តំណាងស្ថានទូត វិស័យឯកជន និងភាគីពាក់ព័ន្ធសកម្មភាព មីនទាំងជាតិ-អន្តរជាតិ ដែលបានចូលរួមក្នុងវេទិកានេះ ស្របពេលដែលកម្ពុជានឹងប្រារព្ធខួបលើកទី៣០ នៃការចាប់ផ្តើមការងារបោសសម្អាតមីនជាផ្លូវការ ដោយមានការចូលរួមពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រសកម្មភាពមីន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានថ្លែងថា ទោះបីមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលជាមរតកសង្រ្គាម ប្រជាជនកម្ពុជា និងសហគមន៍ នៅតែបន្តរងគ្រោះ ដោយសារឃាតករលាក់មុខទាំងនេះ ហើយបច្ចុប្បន្ននេះ ប្រជាជនជិត១លាននាក់ កំពុងរស់នៅ និងធ្វើការនៅលើតំបន់ដែលមានការគម្រាមកំហែងដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលយើងទាំងអស់គ្នា ត្រូវបន្តរួបរួមគ្នាដោះស្រាយឲ្យទាន់ពេលវេលា ដោយគ្មាននរណាម្នាក់គួរត្រូវរស់នៅដោយភ័យខ្លាចស្លាប់ ក្រោយការប្រយុទ្ធគ្នាបានបញ្ចប់នោះទេ។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមគ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) និងជាអ្នកសង្កេតការណ៍នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម រាជរដ្ឋាភិបាល បានចាត់ទុកវិស័យ សកម្មភាពមីន គឺជាការងារអាទិភាពរបស់ជាតិដ៏សំខាន់ តាមរយៈការដាក់ចេញនូវគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDG18) ដែលត្រូវបានប្រកាសនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតាំងចិត្តលុបបំបាត់វត្តមានគ្រាប់មីនដែលបានដឹងនៅកម្ពុជាឲ្យអស់ត្រឹមឆ្នាំ២០២៥ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដូចបានចែងក្នុងផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន (NMAS) ២០១៨-២០២៥។

លោកបន្តទៀតថា ការកំណត់គោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ គឺជាគោលដៅដែលអាចសម្រេចបាន ប្រសិនបើរាជរដ្ឋាភិបាល សហគមន៍ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនធ្វើការរួមគ្នា និងពន្លឿនការគាំទ្រដល់ការងារ បោសសម្អាតមីននៅកម្ពុជា លើផ្ទៃដីមានមីនដែលបានដឹងប្រមាណ ៧៣៦គីឡូម៉ែត្រក្រឡាទៀត៕