(សៀមរាប)៖ នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២នេះ អង្គភាពស៊ីម៉ាក់ ដឹកនាំដោយលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកស៊ីម៉ាក់ រួមជាមួយនឹងមន្រ្តីជាន់ខ្ពស់ជាច្រើនទៀត បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងព្រមទាំងមន្រ្តីស្ថានទូត ព្រមទាំងដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងវិស័យឯកជន ដើម្បីចូលទស្សនាពិព័រណ៌សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ខេត្តសៀមរាប។

វត្ថុបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បិសិក្សាស្វែងយល់ពីសកម្មភាពក្នុងវិស័យមីនតាមរយៈការដាក់តាំងបង្ហាញ នូវអាវុធយុទ្ធភណ្ឌគ្រប់ប្រភេទ ក៏ដូចជាសមិទ្ធផលនានា ដែលអង្គភាពស៊ីម៉ាក់បានសម្រេចកន្លងមក។

សូមបញ្ជាក់ផងដែរថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានសហការជាមួយស្ថានទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំព្រឹត្តិការណ៍ Hight-Level Dialogue on Mine Action ក្នុងខេត្តសៀមរាប និងបានចុះទៅទស្សនាពិព័រណ៌ និងប្រតិបត្តិការនានារបស់ស៊ីម៉ាក់ សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ដែលមានទីតាំងឋិតនៅ ភូមិអន្លង់២ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ព្រឹត្តិការណ៍នេះ មានគោលបំណងកៀរគរធនធានសម្រាប់វិស័យមីន ដើម្បីសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាគ្មានមីនឆ្នាំ២០២៥» ដោយមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងវិស័យឯកជនប្រមាណ៥០រូប ដើម្បីឲ្យដំណើរការរៀបចំនេះ ប្រព្រឹត្តទៅដូចការគ្រោងទុក។

យោងតាមបទបង្ហាញរបស់លោក ហេង រតនា បានឱ្យដឹងថា រយៈពេល៣០ឆ្នាំគិតតាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ ២០២២កន្លងមកនេះ អង្គភាពស៊ីម៉ាក់ បានបោសសម្អាតផ្ទៃដីបានចំនួនជាង ១៣លានហិកតា និងរកឃើញគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមជិត៣លានគ្រាប់។

បន្ទាប់ពីការធ្វើបទបង្ហាញអំពីសមិទ្ធផលរបស់អង្គភាពស៊ីម៉ាក់ ដោយលោក ហេង រតនា រួចមក គណៈប្រតិភូ និងភ្ញៀវកិតិ្តយស បានអញ្ជើញទស្សនាសាលពិព័រណ៌សារមន្ទីរសកម្មភាពមីន ដែលបានដាក់តាំងបង្ហាញនូវគ្រាប់មីន និងសំណល់យុទ្ធភណ្ឌគ្រប់ប្រភេទ ក៏ដូចជាសកម្មភាពថ្នាក់ដឹកនាំក្នុងវិស័យមីន និងការបង្ហាញពីប្រតិបត្តិការបោសសម្អាតមីនដោយមនុស្ស ម៉ាស៊ីន កណ្តុរ និងសុនខហិតរកកូវីដ១៩ កងកម្លាំងបោសសម្អាតមីនក្រោមទឹក ដើម្បីអនុញ្ញាតិឱ្យភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា និងយល់ដឹងបន្ថែមអំពីវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា៕