(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថា ការឯកភាពជាតិ សន្តិភាព និងការអភិវឌ្ឍន៍ ជាគន្លឹះដ៏សំខាន់ដើម្បីការពារបូរណភាពទឹកដីឲ្យបានគង់វង្ស កុំឲ្យប្រទេសជាតិឆ្លាក់ក្នុងគ្រោះមហន្តរាយជាលើកទី២។

លោកស្រីបានថ្លែងក្នុងឱកាសដែល លោកស្រី អញ្ជើញចូលរួមក្នុងកម្មវិធីប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅបរិវេណវត្តស្រង៉ែ ភូមិស្រង៉ែ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រជាពលរដ្ឋជាង២០០នាក់ នាព្រឹកថ្ងៃទី២០ ឧសភាព ឆ្នាំ២០២២។

លោកស្រី ឃួន ឃុនឌី បានថ្លែងថា ថ្ងៃទី២០ ឧសភានេះ ជាទិវាជាតិនៃការចងចាំដែលរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។ គោលបំណង នៃទិវាជាតិ នៃការចងចាំគឺបង្កើតឡើងដើម្បីរំលឹកនិងគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់នៅក្នុងរបប ប៉ុល ពត ដ៏ឃោរឃៅនេះ។

លោកស្រីបានទទូចដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែចូលរួមទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍នេះ កើតឡើងជាលើកទី២ នៅលើទឹកដីរបស់យើង និងរួមគ្នាថែរក្សា សុខសន្តិភាពដែលរាជរដ្ឋាភិបាលខំប្រឹង រកបានដោយលំបាកនេះឱ្យបានស្ថិតស្ថេរគង់វង្សក៏ដូចជា រួមគ្នាទប់ស្កាត់ឱ្យបាននូវរាល់ឧបាយកលរបស់ពួកអគតិ ដែលមានបំណងនាំប្រទេសកម្ពុជាឱ្យទៅធ្លាក់ក្នុងរណ្តៅមរណៈជាថ្មី និងបង្កអសន្តិសុខប៉ះពាល់ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាភាព សុខសាន្តរបស់ប្រជាពលរដ្ឋផងដែរ។

លោកស្រីបន្តថា «ដើម្បីរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍបន្តទៀតប្រជាជនយើង ត្រូវចេះប្រើសិទ្ធិដែលមានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីជ្រើសរើសមេដឹកនាំដែលបងប្អូនពេញចិត្ត ដឹងសុខទុក្ខបងប្អូន មិនរត់ចោលបងប្អូន និងរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ»

ជាមួយគ្នានេះ លោកស្រី បានកោតសរសើរនូវគំរូវីរភាពរបស់វីរៈបុរសជំនាន់មុនដែលជាគំរូពោរពេញដោយភាពអំណត់អត់ធន់ ព្យាយាម និងក្តីសង្ឃឹមព្រមទាំងមានចក្ខុវិស័យ និងការផ្ដួចផ្តើមខ្ពស់ក្នុងការតស៊ូរំដោះជាតិចេញពីរបបខ្មៅ ងងឹត បែកបាក់ខ្ទេចខ្ទាំឱ្យមានការរៀបចំដឹកនាំគ្រប់គ្រងលើគ្រប់វិស័យ និងមានការអភិវឌ្ឍជាតិគួរជាទីមោទនៈ និងការតស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុរបស់បម្រើជាតិ និងប្រជាជន ព្រមទាំងការពារ និងថែរក្សាឱ្យបាននូវតម្លៃសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាជន។

ជាចុងក្រោយលោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើ និងឧទ្ទិសថ្ងៃ ២០ ឧសភា ឱ្យស្ថិតនៅក្នុងដួងចិត្តកូនខ្មែរគ្រប់ជំនាន់ និងប្រឆាំងដាច់ខាតរាល់ឧបាយកលណាមួយ ដែលមានបំណងរុញកម្ពុជាឱ្យធ្លាក់ចូលគ្រោះប្រល័យពូជសាសន៍ជាថ្មី ដែលកម្ពុជាស្វែងរកបានដោយលំបាក និងបានកសាងប្រទេសមួយនេះឈានទៅរកការ អភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស៕