(ភ្នំពេញ)៖ អតីតបេក្ខភាពពេញសិទ្ធិ បម្រុង និងភ្នាក់ងារសង្កេតការណ៍ចំនួន១៨រូប (ស្រី៩រូប) មកពីគណបក្សខ្មែររួបរួមជាតិ បានមកសុំរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

ពិធីអបអរសាទរបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន១៨រូបបន្ថែមទៀត ដែលមកពីអតីតបេក្ខភាពពេញសិទ្ធិ និងបម្រុង ហើយនឹងភ្នាក់ងារសង្កេតការណ៍ គណបក្សខ្មែររួបរួមជាតិនេះ ក្រោមអធិបតីភាពលោក ប៊ុន វុទ្ធា ប្រធានក្រុមការងារចុះជួយគណបក្សសង្កាត់ និងតំណាងប្រធានគណបក្សសង្កាត់ តំណាងឱ្យលោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយគណបក្សខណ្ឌជ្រោយចង្វារ។

ក្នុងពិធីនេះ លោក ប៊ុន វុទ្ធា ប្រធានក្រុមការងារចុះជួយគណបក្សសង្កាត់ បានចាត់ទុកការចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះគណក្សប្រជាជនកម្ពុជា ជាបក្សនយោបាយ ដែលបានសាងស្នាដៃជាច្រើន សម្រាប់សង្គមជាតិ និងមានគោលនយោបាយច្បាស់លាស់ ក្នុងការកសាងជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ បន្ទាប់ពីសមាជិកថ្មីទទួលបានកាត និងការយកចិត្តទុកដាក់ ពីគណបបក្ស «យើងជាសមាជិកបក្សម្នាក់ ត្រូវធ្វើជាឃោសនិកម្នាក់ ជាប្រតិកម្មរហ័សម្នាក់ ជាសកម្មជនម្នាក់ ជាមេខ្យល់ម្នាក់ ហើយត្រូវមានឆន្ទ:ស្មោះត្រង់ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមួយសន្លឹក»

ប្រធានក្រុមការងារចុះជួយគណបក្សសង្កាត់ បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងតែគិតគូរនៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ ជាពិសេសការជួយសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋ នូវទូទាំងប្រទេស ក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩។

ក្នុងពិធីនេះដែរ តំណាងប្រធានបក្សសង្កាត់ព្រែកលៀប ពិតជាមានកិត្តិយស និងសេចក្ដីរីករាយឥតឧបមាដោយទទួលបាននូវការស្ម័គ្រចិត្តចូលរួមពីអស់លោក-លោកស្រី ជាអតីតបេក្ខភាពពេញសិទ្ធិ បេក្ខភាពបម្រុង និងភ្នាក់ងារគណបក្សនយោបាយមកពីគណបក្សខ្មែររួបរួមជាតិ បានចូលរួមជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ដែលជាសក្ខីភាពបញ្ជាក់ឱ្យឃើញកាន់តែច្បាស់បន្ថែមទៀតថា៖ «គណបក្សប្រជាជនកម្ពុជា ពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែទទួលបាននូវការគាំទ្រ ជឿទុកចិត្ត និងកាន់តែមានប្រជាប្រិយភាពរិតតែច្រើនឡើងៗ ឥតឈប់ឈរពីសំណាក់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយប្រជាពលរដ្ឋ កាន់តែត្រូវការចាំបាច់ឥតខ្វះបាន នៅគ្រប់កាលៈទេសៈ នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏ជាសញ្ញាបញ្ជាក់ឱ្យឃើញផងដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នាពេលខាងមុខនេះគឺ គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកលៀប មានលេខរៀងទី១ ក្នុងសន្លឹកឆ្នោត នឹងទទួលបានការគាំទ្រដូចការំពឹងទុក»

សូមជម្រាបថា ការរក្សាបានសមាជិកចាស់បូកបញ្ចូលការកសាងសមាជិកបក្សថ្មីបន្ថែម ទូទាំងសង្កាត់ព្រែកលៀប គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំមួយសម្រាប់គណបក្ស ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឃលើគ្រប់វិស័យ។

សមាជិកបក្សចាស់ថ្មី មានតួនាទីយ៉ាងសំខាន់ ក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈ របស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវីធីនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋនានា ដោយត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្សជានិច្ច និងការជួយគ្នាទៅវិញទៅមក និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពទាំងគុណធម៌ សីលធម៌ដើម្បីសម្រេចភារកិច្ចជូនសង្គមជាតិ។

ក្នុងនោះដែរត្រូវបន្តជំរុញការងារកសាងពង្រីកសមាជិកគណបក្សថ្មី ជាពិសេសក្នុងស្រទាប់យុវជន ដែលទើបនឹងគ្រប់អាយុបោះឆ្នោត ហើយត្រូវបំប៉នទាំងខាងនយោបាយសតិអារម្មណ៍ និងចាត់តាំង ព្រមទាំងជីវភាពរស់នៅធ្វើឱ្យសមាជិកគណបក្សមានភាពកក់ក្តៅផ្សារភ្ជាប់ជាមួយគណបក្ស និងការបោះឆ្នោតជូនគណបក្សឱ្យបានគ្រប់ៗគ្នា។

មួយវិញទៀត គឺការចូលរួមទប់ស្កាត់ល្បិចកល របស់ក្រុមប្រឆាំងក្រៅច្បាប់ ទាំងក្នុងនិងក្រៅប្រទេស ដែលបំផ្លើសពីការពិតនៅកម្ពុជា រួមជាមួយពួកបរទេសមួយចំនួនទៀត ដែលបានអំពាវនាវឱ្យមានការបះបោរផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ជាហេតុនាំឱ្យមានចលាចលប៉ះពាល់ដល់ស្មារតីសាមគ្គីផ្ទៃក្នុងជាតិទាំងមូល និងផលប្រយោជន៍ប្រជាជនទូទាំងប្រទេស៕