(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា ថ្ងៃសុក្រ ៥ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ គឺជាថ្ងៃដែលបណ្តាប្រទេសលើពិភពលោក ប្រារព្ធទិវាមាត្រាសាស្ត្រពិភពលោក (World Metrology Day)។ ការប្រារព្ធទិវាមាត្រាសាស្រ្តពិភពលោកនេះ ត្រូវបានប្រព្រឹត្តទៅជាប្រចាំឆ្នាំ ក្នុងគោលបំណងរំឭកអំពីការចុះហត្ថលេខា ស្តីពីអនុសញ្ញាខ្នាត ដែលត្រូវបានរៀបចំឡើង នាថ្ងៃទី២០ ខែឧសភា ឆ្នាំ១៨៧៥ ដោយក្នុងពេលនោះ មានតំណាងប្រទេសចំនួន ១៧ បានចុះហត្ថលេខា។ អនុសញ្ញានេះផ្តល់ជាមូលដ្ឋាន សម្រាប់ប្រព័ន្ធរង្វាស់រង្វាល់ឲ្យមានភាពស៊ីសង្វាក់គ្នាទូទាំងពិភពលោក ដែលជួយគាំទ្រដល់ការរកឃើញវិទ្យាសាស្រ្ត និងនវានុវត្តន៍ ផលិតផល ឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាការកែលម្អគុណភាពជីវិត និងការការពារបរិស្ថានពិភពលោក។

មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានគ្រោង រៀបចំទិវាមាត្រាសាស្ត្រពិភពលោក (World Metrology Day) នេះ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នេះផងដែរ ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់ និងឥទិ្ធពលនៃមាត្រាសាស្ត្រក្នុងយុគសម័យឌីជីថល ក៏ដូច ការរស់នៅរបស់យើង តាមរយៈការជួយដោះស្រាយ បញ្ហាពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា សុវត្ថិភាព និងការធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិត។

ជាការពិតណាស់ មាត្រាសាស្ត្រ ដែលជាវិទ្យាសាស្ត្រនៃ រង្វាស់រង្វាល់ ដើរតួយ៉ាងសំខាន់នៅក្នុងរបកគំហើញ វិទ្យាសាស្ត្រ និងនវានុវត្តន៍ ការផលិតក្នុងឧស្សាហកម្ម និង ពាណិជ្ជកម្មអន្តរជាតិ ក្នុងការលើកកម្ពស់គុណភាពជីវិត និងការពារបរិស្ថានពិភពលោក។ ប្រធានបទសម្រាប់ទិវាមាត្រាសាស្ត្រពិភពលោកឆ្នាំ២០២២ គឺ «មាត្រាសាស្ត្រក្នុងយុគសម័យឌីជីថល»។ ប្រធានបទនេះ ត្រូវបានជ្រើសរើសដោយសារបច្ចេកវិទ្យាឌីជីថល កំពុងធ្វើបដិវត្តសហគមន៍របស់យើង ហើយជានិន្នាការដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយ នៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ។

នៅទូទាំងពិភពលោកវិទ្យាស្ថានមាត្រាសាស្ត្រជាតិ ខិតខំបន្តធ្វើឲ្យប្រសើរឡើងនូវវិទ្យាសាស្ត្ររង្វាស់រង្វាល់ ដោយអភិវឌ្ឍ និងធ្វើឲ្យមានសុពលភាពបច្ចេកទេស រង្វាស់រង្វាល់ថ្មីៗនៅកម្រិតចាំបាច់នៃភាពទំនើប។ វិទ្យាស្ថានមាត្រាសាស្ត្រជាតិចូលរួម ក្នុងការប្រៀបធៀបរង្វាស់រង្វាល់ ដែលសម្របសម្រួលដោយការិយាល័យអន្តរជាតិទម្ងន់ និងរង្វាស់រង្វាស់ (Bureau International des Poids et Mesures - BIPM) ដើម្បីធានាបាននូវភាពជឿជាក់នៃលទ្ធផល នៃរង្វាស់រង្វាស់ទូទាំងពិភពលោក។ អង្គការនីត្យានុកូលមាត្រាសាស្ត្រអន្ដរជាតិ (OIML) បានអភិវឌ្ឍស្តង់ដារបទប្បញ្ញត្តិបច្ចេកទេសអន្តរជាតិ (International Recommendation) ដែលមានគោលបំណង ដើម្បីឲ្យអនុលោម និងធ្វើឲ្យមានសុខដុមនីយកម្មតម្រូវការបច្ចេក ទេសទូទាំងពិភពលោកលើវិស័យជាច្រើន។

អង្គការអន្តរជាតិ OIML ក៏ដំណើរការផងដែរ នូវប្រព័ន្ធវិញ្ញាបនប័ត្រ OIML-CS ដែលសម្របសម្រួលដល់ការទទួលយកជាអន្តរជាតិ និងពាណិជ្ជកម្មពិភពលោកនៃឧបករណ៍រង្វាស់រង្វាស់ដែលជាប់បញ្ញាត្តិ។ ប្រព័ន្ធមាត្រាសាស្ត្រអន្តរជាតិទាំងនេះ ផ្តល់នូវការធានា និងទំនុកចិត្តដ៏សំខាន់ ដែលថារង្វាស់រង្វាល់មានភាពត្រឹមត្រូវ និងផ្តល់នូវមូលដ្ឋានដ៏រឹងមាំសម្រាប់ពាណិជ្ជកម្ម ពិភពលោកនាពេលបច្ចុប្បន្ន និងជួយយើងឲ្យត្រៀមសម្រាប់ការប្រកួតប្រជែង នៅពេលអនាគត។

មាត្រាសាស្ត្រ គឺជាវិស័យមួយក្នុងចំណោមវិស័យសំខាន់ៗផ្សេងទៀត ដែលពិភពលោកបានយកចិត្តទុកដាក់ ជាពិសេស មាត្រាសាស្ត្រដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការរស់នៅរបស់យើងជាអាទិ៍ ជួយគាំទ្រសុខុមាលភាពរបស់សង្គមទំនើប ដោយគាំទ្រលើផ្នែកពាណិជ្ជកម្ម បទប្បញ្ញត្តិបច្ចេកទេស ការផលិត និងការការពារអតិថិជន ដោយវាពាក់ព័ន្ធស្ទើរគ្រប់ផ្នែកនៃការរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិ ដែលជាការពិតនោះមាត្រាសាស្ត្រ ផ្តល់ជាឆ្អឹងខ្នងផ្នែកបច្ចេកវិទ្យា ដើម្បីជំរុញការទុកចិត្តរបស់អតិថិជន និងជំនឿទុកចិត្តលើផលិតផល ទោះបីជារោងចក្រ សហគ្រាស មធ្យម ឬតូច។ លើសពីនេះទៅទៀត ការប្រើរង្វាស់រង្វាល់ត្រឹមត្រូវបន្ថែមនូវតម្លៃដ៏ធំធេង ចំពោះដំណើរការផលិតកម្ម ដោយកាត់បន្ថយតម្លៃប្រាក់ដើម មានការជឿទុកចិត្តកាន់តែខ្លាំងឡើង និងមានការជឿទុកចិត្តក្នុងទីផ្សារទាក់ទងនឹងបរិមាណ តម្លៃ គុណភាព និង សុវត្ថិភាពនៃផលិតផល។

សូមគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា មានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលទទួលខុសត្រូវ និងបំពេញតួនាទីក្នុងការចង្អុលបង្ហាញ ដល់មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ លើការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យាមាត្រាសាស្ត្រ។ ក្នុងនោះដែរ កម្ពុជាយើងបានចូលជារដ្ឋសមាជិករួមមាន អង្គការ នីត្យានុកូលមាត្រាសាស្ត្រអន្តរជាតិ (Organisation Internationale de Métrologie Légale - OIML) អង្គការវេទិកានីត្យានុកូលមាត្រាសាស្ត្រ អាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Legal Metrology Forum - APLMF) អង្គការកម្មវិធីមាត្រាសាស្ត្រ អាស៊ីប៉ាស៊ីហ្វិក (Asia Pacific Metrology Programme - APMP) ក្រុមការងារទី៣ នៃគណៈកម្មាធិការពិគ្រោះយោបល់អាស៊ានស្ដង់ដារ និងគុណភាព (ASEAN Consultative Committee for Standards and Quality on Working Group 3 - ACCSQ WG3) និងជាសមាជិកអង្កេតការណ៍ក្នុងអង្គការការិយាល័យអន្តរជាតិទម្ងន់ និងរង្វាស់រង្វាល់ (Bureau International des Poids et Mesures - BIPM)៕